(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចុះហត្ថលេខាលើសេចក្តីជូនដំណឹងមួយ ជម្រាបជូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមអញ្ជើញមកទទួលសេវាព្យាបាលវះកាត់ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែ១៦មករា ក្នុងរយៈពេលមួយសប្តាហ៍ ពោលចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងបញ្ជាក់ថា «ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកទេស ផ្នែកវះកាត់អន្តរជាតិ (Surgical Volenteer InternatIonal) នឹងផ្តល់សេវាជូនដោយឥតគិតថ្លៃ»។
លោកបានបន្តទៀតថា ជម្ងឺដែលត្រូវពិនិត្យ និងវះកាត់រួមមាន៖ ក្លន លូន ពងស្វាសមិនធ្លាក់ចុះ បំពង់បង្ហូរនោមខុសប្រក្រតី ឆែបមាត់ និងក្រអូម ម្រាមដៃព្រែក ក្លលៀននៅពោះ រន្ធគូទបិទមិនជិត ដុំពក ពោះវៀនរីកធំខុសធម្មតា ជម្ងឺច្រាលក្រពះពោះវៀនធំ ក្លនលៀនចូលសន្ទះទ្រូង ភាពបិទមិនជិតរវាងប្រហោងច្រមុះ និងមាត់ដោយសាក្រអូម ដុំសរសៃឈាម និងការព្យាបាលដោយឧបករណ៍ចោះ លើពងស្វាសខុសប្រក្រតីជាដើម។
ជាមួយគ្នានេះផងដែរ លោក គួង ឡូ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមមកទទួលការព្យាបាលដោយឥតគិតថ្លៃនេះ ឲ្យបានគ្រប់ៗគ្នាកុំបីអាក់ខានឡើយ៕