(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ចំពោះអ្នកបើកបរបញ្ច្រាសផ្លូវនៅរង្វង់មូលវិមានឯករាជ្យ ពោលគឺនៅមុនគេហដ្ឋានរបស់សម្ដេចផ្ទាល់តែម្ដង ហើយសម្ដេចក៏ជាអ្នកបញ្ជាឲ្យចាប់អ្នកល្មើសច្បាប់នោះផងដែរ។
ក្រៅពីការប្រតិកម្មចំពោះអ្នកបើកខុសច្បាប់ សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះវប្បធម៌អន្តរាគមន៍ក្នុងរឿងអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយប្រើមន្ត្រីពាក់ផ្កាយ និងមានបុណ្យស័ក្តិខ្ពស់ ហើយសម្ដេចបានព្រមានថា ទោះបីពាក់ផ្កាយ ឬលោកខែ ក៏ត្រូវតែដកដែរ បើអន្តរាគមន៍រឿងខុសច្បាប់ចរាចរណ៍។
ការមានប្រសាសន៍បែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេច បន្ដអញ្ជើញជួបសំណេះសំណាល ដោយផ្ទាល់ជាមួយកម្មករ កម្មការិនីជាង១៣,០០០នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរកាត់តាមវិមានឯករាជ្យទាំងឡាយ រឿងដែលវាហួសចិត្តនៅត្រង់ថា វិថីមួយខ្សែបានកើតឡើងនៅមុនផ្ទះនាយករដ្ឋមន្ដ្រីតែម្ដង ជាផ្លូវថ្មីចែស គឺនៅវិមានឯករាជ្យជាគន្លងថ្មីមួយ ដែលបានកើតនៅក្នុងសម័យតេជោ គឺជាផ្លូវដែលគួរឲ្យមានការអៀនខ្មាស [...] សូមផ្ដាំទៅក្មួយប៉ូលីសចាប់ប៉ុន្មានថ្ងៃនេះ គឺជាបញ្ជារបស់នាយករដ្ឋមន្ដ្រីតែម្ដង»។
ចំពោះរឿងជិះបញ្ច្រាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលត្រូវបន្ទោសមុនគេរឿងគឺអ្នកដែលអនុវត្តន៍ច្បាប់ ហេតុអីបានជាមិនបានពិនិត្យបានគ្រប់ជ្រុងជ្រោយ ហើយសម្ដេចក៏បានលើកបង្ហាញពីភាពកម្សោយ នៃការអនុវត្តន៍ច្បាប់ចរាចរណ៍នាពេលបច្ចុប្បន្នផងដែរ។
ដោយឡែកសម្រាប់អ្នកអន្ដរាគមន៍វិញ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ដ្រី លើកឡើងថា «អាផ្កាយទម្លើងវាបានទម្លាក់វាបានតើ កុំថាពាក់ផ្កាយ ព្រះច័ន្ទ ពាក់លោកខែ ក៏ទម្លាក់បានដែរកុំឆ្ងល់ពេក»។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យតាមចាប់ឲ្យបានរាល់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍មកពិន័យតាមច្បាប់ ហើយសម្រាប់ក្រុមគ្រួសាររបស់សម្ដេចវិញ សូម្បីតែកូនៗ និងម៉ែដោះមើលថែចៅៗសម្តេច ក៏ត្រូវបានហៅមកអប់រំផងដែរនៅយប់មិញនេះ រឿងបើកបរមិនគោរពច្បាប់ចរាចរណ៍។
សូមជម្រាបថា មួយរយៈចុងក្រោយនេះ នៅរង្វង់មូលវិមានឯករាជ្យ ពោលគឺខាងមុខផ្ទះរបស់នាយករដ្ឋមន្រ្តីតែម្តង គេសង្កេតឃើញថា មានជនមួយចំនួន នៅតែបើកបរយ៉ាងអនាធិបតេយ្យ ដោយមិនគោរពច្បាប់ចរាចរណ៍ទាល់តែសោះ។
ការបើកបរទាំងម៉ូតូ និងរថយន្តបញ្ច្រាសទិសនៅវិមានឯករាជ្យយ៉ាងព្រោងព្រាតបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់តម្លៃសង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងក្រសែភ្នែកភ្ញៀវទេសចរ ដែលទាមទារឲ្យសមត្ថកិច្ចពាក់ព័ន្ធមានវិធានការទប់ស្កាត់ និងរៀបចំសណ្ឋាប់ធ្នាប់នៅចំណុចនេះឲ្យបានល្អប្រសើរឡើងវិញ៕