(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ បានលើកឡើងថា បើតាមការប៉ាន់ប្រមាណ ប្រទេសកម្ពុជាមានតម្រូវការសាច់សត្វប្រមាណពី២៩-៣០ម៉ឺនតោន ក្នុង១ឆ្នាំ រហូតដល់ឆ្នាំ២០២០។
ការលើកឡើងយ៉ាងដូច្នោះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម ដឹកនាំពិភាក្សា ក្នុងពិធីវេទិកាស្ដីពី «កសិកម្ម រុក្ខប្រមាញ់ និងនេសាទ» ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ។
លោក វេង សាខុន បានឲ្យដឹងថា ផលិតកម្មសត្វទាំងលក្ខណៈគ្រួសារ និងពាណិជ្ជកម្មនៅកម្ពុជា មានការវិវឌ្ឍគួរឲ្យកត់សម្គាល់ ទាំងបរិមាណសត្វ និងបែបផែនផលិតកម្ម។
លោក វេង សាខុន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ចំនួនគោសរុបមានការថយចុះ ហើយការរៀបចំដីកសិកម្មប្រមាណ ៩៣% ត្រូវជំនួយដោយគ្រឿងយន្ដកសិកម្ម។ ប៉ុន្ដែផលិតកម្ម ជ្រូក មានកំណើន២,៩% និងផលិតកម្មបក្សីមានកំណើន ៥,៤%។
រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានលើកឡើងថា «តម្រូវការសាច់សត្វមាននិន្នាការកើនឡើងជាលំដាប់ ជាមួយកំណើនប្រាកចំណូល កំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរអន្ដរជាតិ ហើយយើងអាចប៉ាន់ប្រមាណថា កម្ពុជាមានតម្រូវការសាច់សត្វ ប្រមាណពី២៩-៣០ម៉ឺនតោន ក្នុង១ឆ្នាំ រហូតដល់ឆ្នាំ២០២០»។
លោកបានបន្ថែមទៀតថា ពិតណាស់ថា «យើងមិនទាន់អាចធានា ការផ្គត់ផ្គង់តម្រូវការសាច់បានទាំងស្រុងនោះទេ ជាពិសេសសាច់មានគុណភាពខ្ពស់»។
លោករដ្ឋមន្ដ្រី បានបន្ដថា ស្ថានភាពនេះ បញ្ជាក់យ៉ាងច្បាស់ថា តម្រូវការសាច់សត្វមានគុណភាពខ្ពស់ បាននិងកំពុងជំរុញឲ្យមានការផ្លាស់ប្ដូរ បែបផែនផលិតកម្មសត្វ ពីការចិញ្ចឹមសម្រាប់ ម្ហូបអាហារ គ្រួសារ ទៅជាផលិតកម្ម សម្រាប់ពាណិជ្ជកម្មតាមតម្រូវទីផ្សារវិញ៕