(តាកែវ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអនុញ្ញាតឲ្យទូកវៀតណាម ដែលត្រូវឈ្មួញជនជាតិខ្មែរ ជួលឲ្យមកដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាម ដោយសេរី និងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្រ្តីខិលខូចទាំងឡាយណា ដែលហ៊ានឃាត់ទូកមិនឲ្យចូលដឹកស្រូវ ដោយគាបសង្កត់ទារលុយ នាំឲ្យតម្លៃស្រូវរបស់កសិករលក់ចេញមានការធ្លាក់ចុះ។
ការព្រមាននេះរបស់លោកអភិបាលខេត្តតាកែវ កើតឡើងបន្ទាប់ពីក្រុមឈ្មួញទិញស្រូវ នៅក្នុងស្រុកអង្គបូរីមួយក្រុម បានឡើងមកប្ដឹងលោក ពីទង្វើរបស់មន្រ្តីខិលខូចមួយចំនួន ដែលបានគាបសង្កត់យកលុយពីពួកគាត់ច្រើនហួសហេតុ និងបានហាមឃាត់ទូកដែលពួកគាត់ជួល ពីប្រទេសវៀតណាម មកដឹកស្រូវមិនឲ្យចូលមកដឹកស្រូវតាមច្រកទ្វាព្រំដែនទឹកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គបូរី។
ថ្លែងនៅចំពោះមុខសមត្ថកិច្ចនគបាល និងទាហានព្រំដែន និងមន្រ្តីគយ នៅក្នុងកិច្ចប្រជុំនៅសាលាខេត្ត នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ លោក ឡាយ វណ្ណៈ បានចេញបទបញ្ជា ឲ្យលោកស្នងការខេត្ត និងលោកមេបញ្ជាការវរការពារព្រំដែនត្រូវតែពិនិត្យមើល មន្រ្តីរបស់ខ្លួនឡើងវិញ ហើយមន្រ្តីនគបាលម្នាក់ណា ដែលប្រជាពលរដ្ឋបានប្ដឹងថា បានគាបសង្កត់យកលុយពីពួកគាត់ និងមិនអនុញ្ញាតឲ្យទូកចូលមកដឹកស្រូវនោះ ត្រូវតែដកមកបញ្ឈរជើង នៅស្នងការដ្ឋាននគបាលខេត្តដើម្បីអប់រំ។
លោក ឡាយ វណ្ណៈ បានសង្កត់ធ្ងន់ថា «ការគាបសង្កត់ទាលុយ និងហាមទូកមិនឲ្យចូលមកដឹកស្រូវ ពីសំណាក់មន្រ្តីខិលខូចទាំងអស់នេះហើយ គឺជាមូលហេតុដែលធ្វើឲ្យតម្លៃស្រូវមានការធ្លាក់ចុះ ហើយមន្រ្តីខិលខូចមួយចំនួននេះ គឺជាអ្នកសម្លាប់កសិករដោយប្រយោលតែម្ដង»។
សូមបញ្ជាក់ថា កន្លងមកលោកអភិបាលខេត្តតាកែវ និងរដ្ឋបាលខេត្តតាកែវ បានធ្វើការស្នើសុំឲ្យមានការលុបអាជ្ញាប័ណ្ណពីក្រុមហ៊ុនទិញស្រូវ Lucky Fama ដែលក្រុមហ៊ុននេះ មិនបានទិញស្រូវពីប្រជាកសិករនោះទេ តែបានយកអាជ្ញាប័ណ្ណទៅគាបសង្កត់ទាលុយពីក្បាលទូកដឹកស្រូវទៅវិញ។ ម្យ៉ាងទៀត គោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល គឺបើកចំហទីផ្សារ ធ្វើយ៉ាងណាឲ្យមានការប្រកួតប្រជែងទិញស្រូវ ដើម្បីឲ្យស្រូវរបស់ប្រជាកសិករលក់បានថ្លៃ ហើយក៏គ្មានគោលការណ៍យកពន្ធនាំស្រូវទៅលក់នៅក្រៅប្រទេសដែរ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានឲ្យលេខទូរស័ព្ទផ្ទាល់ខ្លួន ទៅបងប្អូនប្រជាពលរដ្ឋដែលប្រកបរបទិញស្រូវលក់ឲ្យទូរស័ព្ទមកលោកផ្ទាល់ ប្រសិនបើមានមន្រ្តីខិលខូចណាគាបសង្កត់ទាលុយ និងមិនអនុញ្ញាតឲ្យទូកចូលមកដឹកស្រូវនោះ លោកនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះមន្រ្តីនោះដោយគ្មានការយោគយល់នោះទេ៕