(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ បានបង្គាប់ឲ្យមន្រ្តីអនុរក្សពន្ធនាគារនាំខ្លនលោក James Ricketson ផលិតករភាពយន្តជនជាតិអូស្ត្រាលីវ័យ៦៨ឆ្នាំ មកសាកសួរបន្តនីតិវិធី បន្ទាប់ជនចាប់ចោទរូបនេះ ត្រូវបានតុលាការឃុំខ្លួន ក្នុងពន្ធនាគារកន្លងមក ក្រោយតំណាងអយ្យការលោក សៀង សុខ ចោទប្រកាន់ពីបទ «ប្រមូលផ្ដុំព័ត៌មានជាអាទិ៍ នាំឲ្យអន្តរាយដល់ការពារជាតិ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០១៧ កន្លងទៅលោក James Ricketson បានថតការដង្ហែរក្បួននៅថ្ងៃឃោសនាធំថ្ងៃទី២ ខែមិថុនា ក្នុងរាជធានីភ្នំពេញ របស់បក្សប្រឆាំង ដោយប្រើកាមេរ៉ាប្រភេទយន្តហោះដ្រូន (Drone)។ ហើយនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៧ មួយថ្ងៃ មុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លោក James Ricketson ត្រូវបានក្រុមកម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនដោយចោទថា ជនជាតិអូស្ត្រាលីរូបនេះ បានធ្វើសកម្មភាពលួចប្រមូលព័ត៌មានពីកម្ពុជា ទៅផ្សព្វផ្សាយនៅក្រៅប្រទេសដោយគ្មានការអនុញ្ញាតពីអាជ្ញាធរកម្ពុជា។
មាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌ ចែងថា «បទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការពារជាតិ ជាអំពើទទួល ឬប្រមូលផ្ដុំដើម្បីផ្ដល់ព័ត៌មានទៅឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយការពារជាតិ»។ បទល្មើសនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំទៅ១០ឆ្នាំ បើសិនតុលាការបានរកឃើញមែននោះ៕