(ភ្នំពេញ)៖ ស្ដែងចេញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករផងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្នើយ៉ាងទទូចដល់ក្រសួង អង្គភាព ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវតែបញ្ឈប់ឲ្យបាននូវការជេរប្រមាថកម្មករ-កម្មការិនី ពីសំណាក់ប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក និងអ្នកគ្រប់គ្រងមើលការខុសត្រូវ នៅក្នុងកន្លែងធ្វើការរបស់ខ្លួន មិនតែប៉ុណ្ណោះ ក៏ត្រូវបញ្ឈប់ផងដែរ នូវការជេរប្រមាថលើប្រជាពលរដ្ឋទូទៅពីសំណាក់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងយោធាគ្រប់លំដាប់ថា្នក់។ (សូមទស្សនាវិដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយកម្មករ-កម្មការិនីជាង១៣,០០០នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ នាថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្រប់រោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារទាំងអស់ ត្រូវបានបញ្ឈប់ឲ្យបាននូវអំពើជេរប្រមាថលើកម្មករ-កម្មការិនី ពីសំណាក់ប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក និងអ្នកគ្រប់គ្រងមើលការខុសត្រូវនៅទីនោះ។ មួយវិញទៀត ក៏ត្រូវបញ្ឈប់ការមាក់ងាយ ជេរប្រមាថទៅលើប្រជាពលរដ្ឋទូទៅផងដែរ ពីសំណាក់មេភូមិ មេឃុំ-ចៅសង្កាត់ អភិបាលក្រុង-ស្រុក-ខណ្ឌ អភិបាលរាជធានី-ខេត្ត រដ្ឋមន្ត្រីនៃក្រសួង ប្រធានអង្គភាព ស្ថាប័នជាដើម។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «អ្នកអាចធ្វើអ្វីបាន ប៉ុន្តែមិនអាចប្រមាថកម្មករទេ សិទ្ធិកម្មករត្រូវតែមាន យើងគ្រាន់តែទៅស៊ីឈ្នួល ក៏ប៉ុន្តែយើងមិនមែនជាកញ្ជះដាច់ថ្លៃ ដែលទុកឲ្យអ្នកជេរប្រមាថតាមចិត្តទេ សុំគ្រប់រោងចក្រ គ្រប់អ្នកទទួលខុសត្រូវទាំងអស់ ត្រូវស្ដាប់ឲ្យបាន ប្រទេសកម្ពុជា មិនមែនសម្រាប់ប្រទេសក្រៅជេរប្រមាថ ហើយចេញខោកចូលវ៉ៃនោះទេ។ ចំពោះប្រជាពលរដ្ឋ ពិសេសកម្មករ-កម្មការិនី ត្រូវតែមានសិទ្ធិដូចៗគ្នា អ្នកឯងមិនអាចមានបុណ្យស័ក្តិជាចៅហ្វាយស្រុក ជាចៅហ្វាយខេត្ត ជារដ្ឋមន្ត្រី ឬថ្នាក់នេះថ្នាក់នោះ ប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល ជេរកម្មករ-កម្មការិនីបានទេ ត្រូវយល់អំពីបញ្ហានេះ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រចំពោះចំណាត់ការនានា ដូចជា ការបណ្ដេញចេញពីការងារ ឬពិន័យរដ្ឋបាលទៅលើបុគ្គលណា ដែលមិនព្រមកែប្រែទង្វើមិនគប្បីទាំងនោះ និងបានស្នើឲ្យថៅកែរោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារទាំងអស់ ចាត់វិធានការចំពោះអ្នកប្រមាថលើកម្មករ-កម្មការិនី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទោះជាយ៉ាងណាបញ្ហាទាំងនេះ ត្រូវបានដោះស្រាយមកជាច្រើនហើយដែរ ពោលនៅមានបញ្ហាតិចតួចប៉ុណ្ណោះ។
សម្ដេចតេជោបានបន្តថា កម្ពុជា ជាប្រទេសដែលអនុវត្តច្បាប់ស្ដីពីការងារ ហើយច្បាប់នេះទៀតសោត ក៏បញ្ញត្តិអំពីការគោរពតាមលក្ខខណ្ឌការងារ ដើម្បីផ្ដល់ឲ្យកម្មករ-កម្មការិនីមានសេរីភាពផងដែរ ប៉ុន្តែសេរីភាពយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋត្រូវគោរពគ្នាទៅវិញទៅមក ដែលនេះជាការចាំបាច់បំផុត សម្រាប់ធ្វើឲ្យមានសុខដុមនីយកម្មក្នុងរោងចក្រ សហគ្រាសនៅកម្ពុជា។
លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដាំផ្ញើទៅកម្មករ-កម្មការិនីថា មានតែសន្តិភាពតែប៉ុណ្ណោះ ដែលនាំមកនូវឱកាសការងារធ្វើ និងប្រាក់ចំណូលសម្រាប់កម្មករ ដូច្នេះប្រជាពលរដ្ឋកម្ពុជាត្រូវចូលរួមដោយផ្ទាល់ ឬប្រយោល និងជួយអំពាវនាវដល់ឪពុកម្ដាយ អាណាព្យាបាល សាច់ញាតិរបស់ខ្លួន ឲ្យចូលរួមក្នុងការរក្សាសុខសន្តិភាពទាំងអស់គ្នា ព្រោះសន្តិភាពនេះហើយ ដែលជាអ្នកធានាដល់ការអភិវឌ្ឍ ហើយការអភិវឌ្ឍនាំមកនូវការងារធ្វើ និងប្រាក់ចំណូលដែលមានការកើនឡើងជារៀងរាល់ឆ្នាំ៕