(តាកែវ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានក្រើនរំលឹកឲ្យអភិបាលស្រុកជាប់បន្ទាត់ព្រំដែន និងមន្រ្តីមានសមត្ថកិច្ចតាមព្រំដែន ទាំងអស់ត្រូវតែទប់ស្កាត់ឲ្យបានជាដាច់ខាត នូវការជួលដីស្រែទៅឲ្យជនជាតិវៀតណាម ហើយត្រូវតែធ្វើការចាប់ខ្លួនជនជាតិវៀតណាមណាម្នាក់ ដែលចូលមកធ្វើស្រែក្រោមលេសថា ជាអ្នកបច្ចេកទេស ឬកម្មករ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមត្ថកិច្ច តាមព្រំដែននៅសាលាខេត្តតាកែវ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ លោកអភិបាលខេត្ត បានបញ្ជាក់ខ្លាំងៗថា «ឥឡូវទឹកចាប់ផ្ដើមស្រកបណ្ដើៗហើយ ដូច្នេះអភិបាលស្រុកតាមព្រំដែន ត្រូវតែហៅម្ចាស់ដីដែលមានដីច្រើនហិកតាមកអប់រំណែនាំ និងហាមដាច់ខាតក្នុងការជួលដីស្រែឲ្យជនជាតិវៀតណាម។ កន្លងមកឮថា ម្ចាស់ដីស្រែខ្លះបានធ្វើកិច្ចសន្យា ជួលកម្លាំងកម្មករវៀតណាម និងអ្នកបច្ចេកទេសវៀតណាម ឲ្យមកជួយតែតាមការពិត នេះកិច្ចសន្យាបោកបញ្ឆោតអាជ្ញាធរពោល ពួកម្ចាស់ដីខ្លះនៅតែបន្តជួលដីស្រែ ឲ្យជនជាតិវៀតណាមធ្វើដដែរ»។
លោក ឡយា វណ្ណៈ បានសង្កតធ្ងន់ថា «ហេតុអីជួលដីស្រែឲ្យជនជាតិវៀតណាមធ្វើ? ចុះជនជាតិខ្មែរគ្នាឯង ដែលអត់ដីស្រែធ្វើម៉េចមិនជួលឲ្យ? បើមិនជួលឲ្យខ្មែរគ្នាឯងធ្វើទេ ដីស្រែនោះត្រូវតែទុកទំនេចោលតែម្ដង និយាយជារួម គឺហាមដាច់ខាតការជួលឲ្យជនជាតិវៀតណាម ធ្វើទោះក្រោមរូបភាពណាក៏ដោយ»។
បើតាមលោកអភិបាលខេត្តតាកែវ លោកនឹងចុះត្រួតពិនិត្យមើលការជួលដីស្រែ នៅតាមព្រំដែនយ៉ាងហោចណាស់ឲ្យបានបីដងដែរ ហើយប្រសិនបើមានម្ចាស់ដីស្រែណា នៅតែបន្តជួលឲ្យជនជាតិវៀតណាមគឺពួកគេមានបញ្ហាធំហើយ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា «ដីស្រែជាច្រើនហិកតាភាគច្រើន គឺជារបស់ពួកឈ្មួញធំៗ ដូច្នោះសូមអស់លោកប្រយ័ត្នទឹកភ្នែក ដោយសារទង្វើរបស់ខ្លួន កុំភ្លេចថា ដីស្រែតាមព្រំដែនទាំងអស់នោះ មិនមានប្លង់កម្មសិទ្ធិស្របច្បាប់នៅឡើយទេ គឺមានតែសិទ្ធិអាស្រ័យផល ប៉ុណ្ណោះដូច្នោះ បើពួកគេជួលដីស្រែឲ្យជនជាតិវៀតណាម ធ្វើពេលនោះអាជ្ញាធរខេត្ត និងពិចារណាដកហូតដី ទាំងអស់នោះទៅឲ្យប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែនមួយចំនួនដែលអត់ដីស្រែធ្វើវិញ»៕