(ភ្នំពេញ)៖ ជនដៃដល់ដែលសម្លាប់ប្រពន្ធរបស់ខ្លួន ហើយត្រូវបានកម្លាំងនគរបាល តាមចាប់ខ្លួននៅខេត្តព្រះសីហនុ បានសារភាពថា មូលហេតុដោយផ្តើមមកពីឃើញប្រពន្ធ ទៅឡើងផ្ទះសំណាក់ជាមួយប្រុសផ្សេង។ ជនសង្ស័យរូបនេះ បាននិយាយថា មុនពេលមានរឿងឈ្លោះប្រកែកគ្នានោះ គឺនៅពេលល្ងាច ខ្លួនបានឃើញប្រពន្ធនៅក្នុងហាង ច័ន្ទតារា ក្រោយព្រលានយន្តហោះ រួចហើយបានទៅដេកនៅផ្ទះសំណាក់ជាមួយប្រុសផ្សេង។
ជនសង្ស័យ បាននិយាយទៀតថា នៅពេលដេកជាមួយប្រុសផ្សេងក្នុងផ្ទះសំណាក់រួច លុះដល់ព្រឹកឡើងទើបទៅផ្ទះ ក៏កើតជាជម្លោះរហូតជ្រុលដៃ សម្លាប់ប្រពន្ធតែម្តងដោយសារខឹងខ្លាំងពេក។
សូមបញ្ជាក់ថា អំពើឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីជាងកន្លះខែមុន នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជនដៃដល់ ជាប្ដីរបស់ស្ដ្រីរងគ្រោះ នៅខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះបានធ្វើឡើង រវាងកម្លាំងនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនដៃដល់ជាសម្លាប់ប្រពន្ធរបស់ខ្លួន ជាកម្មការិនីនៅរោងចក្រ QMI កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ត្រូវបានចាប់ខ្លួនហើយ ខណៈដែលជននេះបានរត់គេចខ្លួន និងទៅលាក់ខ្លួននៅខេត្តព្រះសីហនុ។
សពស្ដ្រីរងគ្រោះ ឈ្មោះ ព្រីម បូផា អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិ ព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយត្រូវបានប្តីសម្លាប់ស្ថិតនៅ ចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី៣ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕