(ភ្នំពេញ)៖ ជារង្វាន់លើកទឹកចិត្តថ្មីមួយទៀត នៅដើមឆ្នាំ២០១៨នេះ សម្រាប់អ្នកប្រកបរបរធាក់ស៊ីក្លូ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសបង្កើតមូលនិធិជួយទ្រទ្រង់អ្នកប្រកបរបរធាក់ស៊ីក្លូ និងបានអនុញ្ញាតឲ្យពួកគាត់អាចទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេច បន្ដអញ្ជើញជួបសំណេះសំណាល ដោយផ្ទាល់ជាមួយកម្មករ កម្មការិនីជាង១៣,០០០នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសឲ្យដឹងថា មូលនិធិសម្រាប់ទ្រទ្រង់ដល់អ្នកធាក់ស៊ីក្លូនេះ សម្ដេចនឹងដាក់ថវិកាផ្ទាល់ខ្លួនដំណាក់កាលដំបូងប្រមាណ១០០លានរៀល ហើយនឹងបន្ថែមថវិកាជារៀងរាល់ខែ ប្រមាណ១០លានរៀល ទៅក្នុងមូលនិធិទ្រទ្រង់អ្នកធាក់ស៊ីក្លូនេះ។ មូលនិធិសម្រាប់ទ្រទ្រង់ បងប្អូនអ្នកធាក់ស៊ីក្លូនេះ សម្ដេចតេជោ ហ៊ុន សែន ប្រគល់ភារកិច្ចឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាអ្នកទទួលខុសត្រូវ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមបន្ថែមឲ្យខាងផ្នែកសុខាភិបាល ទទួលកម្មករស៊ីក្លូបានពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋដែរ, ខ្ញុំនឹងបង្កើតមូលនិធិមួយដើម្បីគាំទ្រ ហើយបានប្រគល់ភារកិច្ចឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង រៀបចំលក្ខិន្ដៈ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានហៅលោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមបង្កើតមូលនិធិមួយនេះឡើង។
សម្ដេចតេជោ ហ៊ុន សែន បានហៅការបង្កើតមូលនិធិនេះ មិនត្រឹមតែជួយដោះស្រាយដល់ជីវភាពរបស់អ្នកធាក់ស៊ីក្លូនោះទេ តែក៏ជាការចូលរូមចំណែក ក្នុងការអភិរក្សស៊ីក្លូរបស់ខ្មែរផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមជិះស៊ីក្លូ ដើម្បីគាំទ្រ និងអភិរក្សស៊ីក្លូរបស់ខ្មែរ។
លោក វ៉ន ពៅ បានហៅគំនិតបង្កើតមូលនិធិជួយដល់អ្នកធាក់ស៊ីក្លូ ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺជាពន្លឺថ្មីនៃការជួយស្រោចស្រង់ដល់ជីវភាព របស់បងប្អូនអ្នកធាក់ស៊ីក្លូ ដែលកំពុងជួបការលំបាកក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ «ខ្ញុំសម្ដែងនូវការអបអរសាទរចំពោះការសម្រេចរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ព្រោះបងប្អូនអ្នកធាក់ស៊ីក្លូ គាត់ជួបការលំបាកខ្លាំងណាស់ក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះការបង្កើតមូលនិធិនេះ នឹងបានរួមចំណែកជូយដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់»។ លោក វ៉ន ពៅ បញ្ជាក់បន្ថែម។
ស៊ីក្លូគឺជាយានអត្ដសញ្ញារបស់ខ្មែរ ហើយរបរធាក់ស៊ីក្លូបានកើតមានតាំងពីក្នុងសម័យសង្គមរាស្ដ្រនិយមដ៏ល្បាញល្បីរបស់សម្ដេច នរោត្តម សីហនុ មកម្ល៉េះ តែមកដល់ពេលបច្ចុប្បន្នរបរធាក់ស៊ីក្លូ ស្ទើរតែបាត់បង់ទៅវិញដោយសារតែមិនសូវ មានអ្នកប្រើប្រាស់មធ្យោបាយនេះទៀតនៅឡើយ។
លោក វ៉ន ពៅ បានហៅការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យគាំទ្រ និងជិះស៊ីក្លូ គឺជាការរួមចំណែកអភិរក្ស និងគាស់រំលើងការគាំទ្រឡើងវិញ លើស៊ីក្លូដែលជាយានបង្ហាញនូវអត្ដសញ្ញារបស់ខ្មែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ អ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ មានជាង២០០នាក់៕