(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ អនុគណៈកម្មការទី២ នៃគណៈកម្មការជាតិ សុត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោគ ឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋានគរបាលជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
យោងតាមរបាយការណ៍ របស់គណៈកម្មការជាតិ សុត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៧ បានកើតឡើងចំនួន៣,៥៣១លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១,៧៨០នាក់ និងរងរបួសចំនួន៥,៥៣៩នាក់ ភាគច្រើននៅរាជធានីភ្នំពេញ មានអ្នកស្លាប់ចំនួន១៦៨នាក់ ខេត្តកណ្តាលចំនួន១៦០នាក់ និងខេត្តកំពង់ធំ ចំនួន១២៤នាក់។ ចំនួនជនរងគ្រោះមធ្យមស្លាប់ក្នុងមួយថ្ងៃ ចំនួន៤.៩នាក់ និងរងរបួសចំនួន១៥.២នាក់។
របាយការណ៍បន្ថែមថា មូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ មកពីការបើកបរលើសល្បឿនកំណត់៣៦% មិនគោរពសិទ្ធិ១៧% មិនប្រកាន់ស្តាំ១៣% វ៉ាជែង១០% បត់១០% ស្រវឹង៩% កត្តាយានយន្ត៣% និងងងុយ១%។ បើប្រៀបធៀបនឹងឆ្នាំ២០១៦ គ្រោះថ្នាក់ថយចុះចំនួន១៦៩លើក ស្មើ៤.៦% ស្លាប់កើនឡើងចំនួន៦៣នាក់ ស្មើ៤% និងរបួសថយចំនួន១.០៦៨នាក់ ស្មើ១៦%។
តាមរយបាយការណ៍ដដែល បានឲ្យដឹងថា រថយន្តដឹកកម្មករទទួលរងគ្រោះថ្នាក់ចរាចរណ៍មានចំនួន២៦លើក បណ្តាលឲ្យស្លាប់ចំនួន៤នាក់ របួសចំនួន៤៨៤នាក់ កើតឡើងនៅ៩ខេត្ត រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង និងខេត្តកណ្តាល ដែលបណ្តាលមកពីការធ្វេសប្រហែស និងកំហុសលក្ខណៈបច្ចេកទេសយានយន្ត។
ក្នុងចំណោមអ្នកស្លាប់ចំនួន១,៧៨០នាក់ ភាគច្រើនជាអ្នកជិះម៉ូតូ មានចំនួន៨៣% (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន៧៨%៕