(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ បានថ្លែងថា ក្មួយៗកម្មករ-កម្មការិនី រោងចក្រទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះជួយគ្នា និងជួយដាស់តឿនគ្នាទៅវិញទៅមក ទើបរក្សាឆ្នាំងបាយរបស់យើង បានយូរអង្វែង។ បើមានបញ្ហាអ្វីកើតឡើង ត្រូវរួមគ្នាធ្វើ រួមគ្នាដោះស្រាយ ទៅតាមនីតិវិធីសមស្រប មិនត្រូវរួមគ្នាទៅវាយឆ្នាំងបាយ ដែលបម្រើប្រយោជន៍ដល់យើង សព្វថ្ងៃនោះទេ បើមិនដូច្នេះ ច្បាស់ជាដាច់ពោះស្លាប់ទាំងអស់ជាក់ជាមិនខាន។

ថ្នាក់ដឹកនាំទាំង២ បានថ្លែងបែបនេះ ក្នុងឱកាសចុះដោះស្រាយវិវាទ លើការប្តឹងតវ៉ាលក្ខខណ្ឌការងារ ចំនួន១២ចំណុច ជាមួយតំណាងកម្មករ-កម្មការនី ចំនួន៥០០នាក់ ក្នុងចំណោមកម្មករកម្មការិនីជាង ៧ពាន់នាក់ នៅក្នុងរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ដែលមានទីតាំងស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លក្ខខណ្ឌការងារទាំង១២ចំណុចនោះ រួមមាន៖
១-កុំកាត់លុយរង្វាន់ ប្រចាំសប្តាហ៍ និងលុយABC ពេលអវត្តមាន។
២-សូមឲ្យបើកលុយរង្វាន់ABC ទៀងទាត់។
៣-ពេលអវត្តមានកុំឲ្យកាត់លុយPrime ១០ដុល្លារ។
៤-សុំច្បាប់ឈឺ ឬរៀបមង្គលការ ឲ្យបាន ៧ថ្ងៃ។
៥-ពេលសុំច្បាប់កុំតឹងតែងពេក។
៦-កូនឈឺក្រុមហ៊ុនមិនឲ្យឈប់។
៧-កុំតម្លើងចំនួនផលិតផល និងកាត់បន្ថយចំនួនមនុស្សតាមក្រុម។
៨-អ្នកមានផ្ទៃពោះពេលសម្រាលកូន ឲ្យបានច្បាប់៣ខែ។
៩-ពេលរថយន្តដឹកកម្មករ-កម្មការនីមកយឺត សូមបើកដល់រោងចក្រ។
១០-បញ្ឈប់ការជេរប្រមាថ។
១១-អវត្តមាន១ថ្ងៃ កុំកាត់លុយដល់ទៅ ២០ដុល្លារ។
១២-សុំបង្កើតសហជីបនៅក្នុងរោងចក្រ។

រាល់ការទាមទារទាំង១២ចំណុចខាងលើនេះ ត្រូវបានខាងភាគីក្រុមហ៊ុនទទួលយក និងឯកភាពទាំងអស់ លើកលែងតែសំណូមពរបង្កើតសហជីព ក្រុមហ៊ុនមិនទាន់សម្រេចទុក ឲ្យអាជ្ញាធរមូលដ្ឋានដោះស្រាយ និងសំណូមពរមួយចំនួនទៀត គឺអនុវត្តន៍ទៅតាមគោលការច្បាប់ការងារ នៅក្នុងប្រទេសកម្ពុជា។ ចំពោះការជេរប្រមាថ ក្រុមហ៊ុននឹងធ្វើការអប់រំណែនាំយ៉ាងតឹងរឹង ទៅលើបុគ្គលិកចិន ក៏ដូចជាបុគ្គលិកខ្មែរ បើមិនរៀងចាលទេនោះ នឹងបញ្ឈប់ពីការងារ។

លោក កែវ រតនៈ និងលោក ម៉ៅ ធនិន បានថ្លែងថា រោងចក្រទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មាននៅក្នុងខេត្តពោធិ៍សាត់ យើងផងដែរ មិនចេះតែកើតមានបាននោះទេ បើសិនជាគ្មានសុខសន្តិភាព និងស្ថេរភាព។ យ៉ាងណាមិញ រោងចក្រកាត់ដេរ តៃស៊ីអ៊ីហ្ស៊ី ស្រុកក្រគរ គឺបើគ្មានការខិតខំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគៀងគរវិនិយោគទេនោះ ក៏គ្មានរោងចក្រដ៏ធំនេះ បានរហូតមកដល់សព្វថ្ងៃបានដែរ។ អាចនិយាយបានថា គឺជាឆ្នាំងបាយរួម សម្រាប់យើងទាំងអស់គ្នា មានការងារធ្វើស្របច្បាប់ នៅក្បែផ្ទះផ្តល់ភាពកក់ក្តៅដល់គ្រួសារ ហើយបើយើងមានឆ្នាំបាយ ដ៏រឹងមាំនេះហើយ សូមឲ្យក្មួយកម្មករ-កម្មការិនីទាំងអស់ ចូលរួមថែរក្សាឆ្នាំងបាយនេះឲ្យបានយូរអង្វែង និងជាប់ជាប្រចាំ កុំនាំគ្នាទៅវាយឆ្នាំងបាយ តាមការញុះញង់ពីសំណាក់ជនខិលខូចមួយចំនួន ដែលតែងតែបង្កភាពហ្វឹកវរក្នុងសង្គមជាតិ។

បន្ទាប់ពីមានការសម្របសម្រួល ដោះស្រាយវិវាទ លើការប្តឹងតវ៉ាលក្ខខណ្ឌការងារ ចំនួន១២ចំណុចនោះរួចមក ថ្នាក់ដឹកនាំទាំង២ បានសំណូមពរ ដល់តំណាងក្រុមហ៊ុន សូមឲ្យមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត និងក្រុមការងារ ដើម្បីរួមគ្នាត្រួតពិនិត្យ ដោះស្រាយ និងសម្របសម្រួល មិនទុកឲ្យរឿងតូច ក្លាយជារឿងធំនោះឡើយ និងមិនទុកឲ្យក្មួយៗ រស់នៅដោយឯកោនោះឡើយ។ ថ្នាក់ដឹកនាំទាំង២ បានចាត់ទុកក្មួយៗកម្មករ-កម្មការិនីទាំងអស់ គឺជាសមាជិកមហាគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីរួមសុខ រួមទុក្ខ រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ តែត្រូវចេះរក្សាតម្លៃរបស់ខ្លួនឯង ក៏ដូចជាសង្គមជាតិ កុំឲ្យបរទេសវាយតម្លៃបានឡើយ៕