(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់មុខតំណែង និងតែងតាំងមុខតំណែងថ្មី ជូនថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន នៅអាជ្ញាធរមីនកម្ពុជា។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ បានបញ្ជាក់ថា លោក សេរី កុសល ត្រូវបានបញ្ចប់មុខងារ ពីទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ពីអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ហើយត្រូវទទួលភារកិច្ចថ្មី, បញ្ចប់មុខងារ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ពីអនុប្រធានទី២ និងពីអគ្គលេខាធិការ អាជ្ញាធរមីនកម្ពុជា ហើយត្រូវតែងតាំងជាអនុប្រធានទី១ នៃស្ថាប័ននេះវិញ, បញ្ចប់មុខតំណែងលោក ព្រំ សុភមង្គល ពីអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយតែងតាំងជាអគ្គលេខាធិការ អាជ្ញាធរមីនកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី និងបញ្ចប់មុខតំណែង លោក ទេព កល្យាណ ពីទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយតែងតាំងជាអគ្គលេខាធិការរង នៃស្ថាប័នមួយនេះ ដោយមានឋានៈស្មើអនុរដ្ឋលេខាធិការដដែល។
ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងលោក ប្រាក់ សុខយូ ពីអគ្គលេខាធិការរងប្រចាំការ អាជ្ញាធរមីនកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ហើយតែងតាំងទៅជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រីវិញ ដោយមានឋានៈស្មើរដ្ឋមន្ត្រីដដែល និងបញ្ចប់មុខតំណែងលោក ទូច ភាព ពីអគ្គលេខាធិការរង អាជ្ញាធរមីនកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ ដោយតែងតាំងជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការដដែល។
ពាក់ព័ន្ធការបញ្ចប់មុខតំណែងនេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា គឺជាការកែសម្រួលមុខងារភារកិច្ចធម្មតា ដោយលោកនឹងត្រូវរាជរដ្ឋាភិបាល ប្រគល់ភារកិច្ច ទៅបម្រើការងារនៅស្ថាប័នផ្សេង គឺនៅអាជ្ញាធរដោះស្រាយវិវាទដីធ្លីវិញ។
សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រខាងក្រោមនេះ៖