(បន្ទាយមានជ័យ)៖​ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះថា រាល់ថ្ងៃនេះមានប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើដោយខុសច្បាប់ ខ្លះស្របច្បាប់ ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមកកាន់ច្រកចេញចូលតែមួយ នៅសាលាខេត្ត ដើម្បីឲ្យមន្ត្រីជួយបំពេញនៅឯកសារ ពាក់ព័ន្ធដោយស្របច្បាប់។

លោកថ្លែងបន្តថា ការធ្វើលិខិតឆ្លងដែន (Boder Pass) ប្រជាពលរដ្ឋត្រូវយកភ្ជាប់ជាមួយអត្តសញ្ញាប័ណ្ណ ចំលងនៅច្រកចេញចូលតែមួយ នៅតាមបណ្តាក្រុង ស្រុក សៀវភៅគ្រួសារ ឬសៀវភៅស្នាក់ ចំលងនៅច្រកចេញចូលតែមួយ នៅតាមបណ្តាស្រុក ក្រុង សំបុត្របញ្ជាក់កំណើត ចំលងនៅច្រកចេញចូលតែមួយនៅតាមបណ្តាស្រុក ក្រុង
និងបង់ថ្លៃសេវា២ម៉ឺនរៀលក្នុង១ក្បាល។

នាឱកាសនោះដែរលោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានថ្លែង និងពន្យល់ដល់ប្រជាពលរដ្ឋ ដែលបានមកកាន់ច្រកចេញចូលតែមួយដូច្នេះថា មុនបងប្អូនប្រជាពលរដ្ឋ ត្រូវយកឯកសារពាក់ព័ន្ធទាំងអស់ ដើម្បីងាយស្រួសទាំងអស់គ្នា ទាំងមន្ត្រីទាំងប្រជាពលរដ្ឋ​។​

លោកបានពន្យល់ សំរាប់សៀវភៅឆ្លងដែន(Boder Pass) ចាស់ដែលមានពណ៌លឿងនៅ យើងនៅតែបន្តឲ្យប្រើប្រាស់ ទាល់តែអស់សន្លឹក​ទើបមកធ្វើលិខិតឆ្លងដែនថ្មី (Boder Pass) ប្រសិនជាយើងប្រើប្រាស់អស់ លើកក្រោយគ្រាន់តែយករូបថត​ ៤គុណ៦ ចំនួន២សន្លឹក និងបំពេញឯកសារស្នើសុំម្តងទៀតប៉ុណ្ណោះ ព្រោះអីមន្ត្រីជំនាញយើង​មាន Program ចង់រួចរាល់អស់ហើយ​វានឹងងាយស្រួស។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ការមកធ្វើលិខិតឆ្លងដែន(Boder Pass) នេះថ្ងៃទី១ មានការពិបាកបន្តិច ព្រោះអី ខាងមន្ត្រីជំនាញឲ្យបំពេញឯកសារ និងត្រូវយកអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ ទាំង៣ ទៅចំលងនៅតាមសាលាស្រុកក្រុង ដែលពួកយើងរស់នៅ ដូច្នេះហើយពួកយើងមានការពិបាកទៅវិញ ទៅមក មួយណានៅឆ្ងាយអស់លុយច្រើន តែថ្លៃសេវាវិញនោះគឺល្អ មានតម្លៃថោកត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះ៕