(ក្រចេះ)៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះ និងជំនាញរដ្ឋបាលព្រៃឈើ (សង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ និងសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់) បានបើកប្រត្តិបត្តិការបង្ក្រាបបទល្មើសឈើទ្រង់ទ្រាយធំ រយៈពេល២ថ្ងៃជាប់គ្នា គីនៅថ្ងៃទី១-២ ខែមករា ឆ្នាំ២០១៨នេះ ក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ ដោយប្រទះឃើញ និងកំពុងប្រមូលទុកឈើជាច្រើនរយម៉ែត្រគូប។

មន្រ្តីរដ្ឋបាលព្រៃឈើ បានបញ្ជាក់ឲ្យដឹងដឹងថា ឈើរាប់រយម៉ែត្រគូបទាំងនោះ ជាឈើប្រភេទលេខ១ មានសុក្រំ និងឈើធ្លីក ដែលក្រុមឈ្មួញលាក់ទុកក្នុងព្រៃ ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ ហើយដឹកជញ្ជូនឈើទាំងនោះ យកទៅទុកយ៉ាងហោចណាស់ ២ថ្ងៃបន្ដទៀត។

លោក អ៉ឺង ស៊ីណាង ​នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បញ្ជាក់ឲ្យដឹងថា យុទ្ធនាការបង្ក្រាបនេះធ្វើនៅសង្កាត់រដ្ឋបាលសណ្ដាន់ និងសង្កាត់រដ្ឋបាលរលួសមានជ័យ ហើយឈើទាំងនោះដឹកជញ្ជូនយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា និងសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ តែមិនទាន់ដឹងតួលេខចំនួនម៉ែត្រគូបនៅឡើយទេ ព្រោះដឹកជញ្ជូនមិនទាន់អស់ ហើយកម្លាំងនៅតែបន្ដធ្វើការបង្រ្គាប៕