(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារដែលរស់នៅលើកំណាត់ផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចោទម្ចាស់ភោជនីយដ្ឋានថ្មីមួយមានយីហោឈ្មោះ «តាយ ស៊ីង ប៊ូហ្វេ ស៊ូគីស៊ុប និងប៊ីប៊ីឃ្យូ» ដែលនៅចំណុចកែងដើមផ្លូវរបស់ពួកគេ ត្រង់ចំណុចស្តុបផ្សារដីហុយថា កំពុងសាងសង់របងថ្ម និងជញ្ជាំងថ្មលយ ចូលបរិវេណផ្លូវទាំងទទឹងទិស ដោយមិនកោតញញើត នឹងចំណាត់ការ របស់អាជ្ញាធរបន្តិចសោះឡើយ។
ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារនោះ មានទាំងមន្រ្តីរាជការ អតីតយោធិន នគបាល និងមន្រ្តីចូលនិវត្តន៍ផងដែរ ដែលអ្នកខ្លះធ្លាប់រស់នៅ តាំងពីឆ្នាំ១៩៧៩មក និងអ្នកចំណូលថ្មីមួយចំនួនទៀត គឺមានតែច្រកផ្លូវមួយនេះទេ សម្រាប់ចេញចូលផ្ទះពួកគាត់ និងប្រកបរបររាល់ថ្ងៃ។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា ការបិទផ្លូវ ដើម្បីសាងសង់ភោជនីយដ្ឋាននេះ ប្រៀបបាននឹងការផ្តាច់ជីវិត របស់ពួកគាត់ដែលជាជនរងគ្រោះ ហើយពួកគាត់ឆ្ងល់ថា ហេតុអ្វីផ្លូវធ្លាប់ប្រើតាំងពីឆ្នាំ១៩៧៩មក អាចក្លាយជាដីកម្មសិទ្ធិឯកជនទៅវិញ? បើផ្លូវត្រូវបានប្រើប្រាស់ មុនការចេញប្លង់កម្មសិទ្ធិ តើពួកគាត់មានផ្លូវរដ្ឋស្របច្បាប់ឯណាចេញចូលផ្ទះទៀតបាន។
តំណាងប្រជាពលរដ្ឋដែលបានជួបចៅសង្កាត់គោកឃ្លៀង លោកអភិបាលខណ្ឌសែនសុខ ក្រុមការងារថ្នាក់កណ្តាលចុះជួយខណ្ឌសែនសុខ និងមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ បានសម្ដែងការអរគុណចំពោះការជួយអន្តរាគមន៍ សម្រួលឲ្យប្រជាពលរដ្ឋចេញចូលជាបណ្តោះអាសន្នលើដីអតីតផ្លូវនេះ និងដីគ្រប់គ្រងដោយភោជនីយដ្ឋាននោះ និងតម្រូវឲ្យម្ចាស់ភោជនីយដ្ឋានរុះរើរបាំង និងឧបសគ្គចេញទុកផ្លូវចេញចូលឲ្យប្រជាពលរដ្ឋ រហូតដល់មាន ដំណោះស្រាយថ្មី។
ប្រជាពលរដ្ឋបានបន្តថា ពេលចេញចូលម្ដងៗ ត្រូវពិនិត្យមើលពេលវេលាទៀត ព្រោះពេលខ្លះសន្តិសុខនៅទីនោះមិនអាចចូលចេញ ឬដឹកសម្ភារផ្សេងៗបានឡើយ ដោយក្រុមសន្តិសុខយាមភោជនីយដ្ឋាននោះហាមឃាត់ ឬមានរថយន្តអតិថិជនភោជនីយដ្ឋាននោះចតក៏មាន មិនតែប៉ុណ្ណោះ ភោជនីយដ្ឋានក៏បានដាក់ផ្ទាំងប៉ាណូបិទទទឹងផ្លូវចេញចូលមិនកើតទៀត។
ដោយទ្រាំនឹងការលំបាកទាំងនេះមិនបាន ប្រជាពលរដ្ឋបានទទូច និងអំពាវនាវបន្ថែមទៀតដល់អាជ្ញាធរ និងថ្នាក់ដឹកនាំ មេត្តាពន្លឿនការដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ ដោយទាមទារយកអតីតផ្លូវនោះមកប្រើប្រាស់វិញ ឬជួយរកដំណោះស្រាយឲ្យប្រជាជនមានផ្លូវសាធារណៈប្រើប្រាស់ត្រឹមត្រូវ ខណៈការព្រួយបារម្ភ និងការលំបាកនៅតែបន្តមានជារៀងរាល់ថ្ងៃ។
ទោះជាយ៉ាងណា អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺពីតំណាងភោជនីយដ្ឋាន «តាយ ស៊ីង ប៊ូហ្វេ ស៊ូគីស៊ុប និងប៊ីប៊ីឃ្យូ» នៅឡើយទេ៕
ដាំដើមឈើធ្វើសួន និងដាក់ប៉ានណូលើផ្លូវដែលធ្លាប់ប្រើ
មើលពីក្រោយ! ច្រកចូលធ្លាប់ប្រើជាង៣០ឆ្នាំ (មុនបិទខែធ្នូ ឆ្នាំ២០១៧)
មើលពីមុខ! ច្រកចូលធ្លាប់ប្រើជាង៣០ឆ្នាំ (មុនបិទខែធ្នូ ឆ្នាំ២០១៧)
សកម្មភាពរៀបឥដ្ឋបិទផ្លូវ ដែលធ្លាប់ចេញចូល ជាង៣០ឆ្នាំមកហើយ