(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានអះអាងថា នាពេលនេះ ក្រសួងការពារជាតិកម្ពុជា បានកំពុងធ្វើការពិចារណាក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតឡើងវិញ ជាមួយមិត្តបរទេស ក្រោយពេលសមយុទ្ធជាមួយបរទេសនេះ ត្រូវបានផ្អាកអស់ រយៈពេល១ឆ្នាំ ដោយសារតែមានការជាប់រវល់បោះឆ្នោត និងយុទ្ធនាការសំអាតគ្រឿងញៀន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីចូលរួមបើកប្រជុំបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ និងប្រជុំផ្សព្វផ្សាយ ផែនការការងារហ្វឹកហ្វឺន ឆ្នាំ២០១៨ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ នៅអគ្គបញ្ជាការដ្ឋានកងទ័ពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ក្រសួងការពារជាតិបានកំពុងពិនិត្យសំណើ របស់មិត្តបរទេសមួយចំនួន ដែលចង់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងសមយុទ្ធបែបសង្រ្គោះគ្រោះមហន្តរាយផ្សេងឡើងវិញនៅក្នុងឆ្នាំ២០១៨នេះ ដើម្បីអប់អរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតជាមួយពួកគេ។ យ៉ាងណាក៏ដោយនៅក្នុងកិច្ចសម្ភាសន៍នោះនាយឧត្តមសេនីយ៍ ពុំបានបញ្ជាក់ថាប្រទេសដែលបានស្នើរដល់កម្ពុជានោះជាប្រទេសណាខ្លះនោះទេ។
សូមរំលឹកថា ក្រសួងការពារកម្ពុជាបានសម្រេច ផ្អាកជាបណ្តោះអាសន្នក្នុងការធ្វើសមយុទ្ធរួមគ្នាជាមួយ សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី ដោយសារតែកម្ពុជា ជាប់រវល់ច្រើន ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងជាប់សហការបោស សម្អាតគ្រឿងញៀនជាដើម៕