(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ បណ្តាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ចំនួន៣សំណួរជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្តីអំពីការរៀបចំពិធីរំឭកខួបលើកទី៣៩ នៃទិវាជាតិ៧មករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដោយនឹងមាន អ្នកចូលរួម ប្រមាណ៤៥០០០ម៉ឺននាក់។ ទិវាជាតិ៧មករាឆ្នាំនេះ មានអ្នកចូលរួមកាន់តែច្រើនជាងមុន ហើយការរៀបចំក៏កាន់តែពិសេសផងដែរ។

សំណួរចម្លើយរវាងលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន​ Fresh News ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៖

១៖ តើហេតុអ្វីបានជាការរៀបចំពិធីរំឭកខួបលើកទី៣៩ នៃទិវាជាតិ៧មករា ឆ្នាំ២០១៨ មានលក្ខណៈធំជាងបណ្តាឆ្នាំមុនៗ?

* លោក ឃួង ស្រេង៖ មូលហេតុដែលធ្វើឱ្យការរៀបចំពិធីរំឭកខួបលើកទី៣៩ នៃទិវាជាតិ៧មករា ឆ្នាំ២០១៨នេះ កាន់តែមានលក្ខណៈធំជាងមុន ដោយសារតែប្រជាពលរដ្ឋខ្មែរយើង បានយល់ដឹងអំពីថ្ងៃ៧ មករា កាន់តែច្រើនជាងមុន ហើយពួកគាត់យល់ថា ថ្ងៃ៧ មករា គឺជាថ្ងៃផ្តល់កំណើតទី២ របស់ពួកគាត់។

២៖ តើទិវាជាតិ ៧មករា មានសារសំខាន់យ៉ាងណាខ្លះ សម្រាប់ប្រជាពលរដ្ឋខ្មែរ?

* លោក ឃួង ស្រេង៖ ទិវាជាតិ៧មករា គឺជាទិវាប្រវត្តិសាស្រ្តដ៏សំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសអ្នកដែលត្រូវបាន រំដោះពីក្រញ៉ាំបិសាចប៉ុលពត។ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ចលនាតស៊ូដែលដឹកនាំដោយសម្ដេចធម្មពោធិសាល ជា ស៊ីម, សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន បានរំដោះប្រជាពលរដ្ឋខ្មែរពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៧៥មក ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ធ្វើឱ្យពួកគាត់ បានរស់រៀនមានជីវិតឡើងវិញ ហើយរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់មក។ ក្រោយថ្ងៃរំដោះ៧មករានេះមក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជាតិកម្ពុជា រហូតដល់ប្រទេស និងប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ និងមានជីវភាពធូរធាដូចពេលបច្ចុប្បន្ន។ ដោយសារគុណបំណាច់ថ្ងៃជ័យដ៏ធំនេះហើយ ទើបរាជរដ្ឋាភិបាលមកពីគណបក្សប្រជាជន និងប្រជាពលរដ្ឋកម្ពុជា កំណត់យកថ្ងៃទី០៧ ខែមករា ជាថ្ងៃប្រារព្ធទិវាជាតិមួយដ៏អធឹកអាធ័មជារៀងរាល់ឆ្នាំ នៅប្រទេសកម្ពុជា។

៣៖ តើគ្រប់គ្នាអាចបំភ្លេចថ្ងៃ៧មករា បានដែរឬទេ?

លោក ឃួង ស្រេង៖ ប្រជាពលរដ្ឋខ្មែរទាំងអស់ មិនអាចបំភ្លេចថ្ងៃ៧ មករា បានទេ ព្រោះបើគ្មានថ្ងៃ៧មករានោះទេ គឺគ្មានអ្វីៗទាំងអស់ រាប់ទាំងជីវិត សន្តិភាព និងការអភិវឌ្ឍសព្វថ្ងៃនេះផងដែរ។ ជនណាដែលមិនទទួលស្គាល់ថ្ងៃ៧មករា គឺជាអ្នកគាំទ្រឱ្យរស់ឡើងវិញនូវរបបប៉ុលពត ហើយក៏ជាអ្នកប្រឆាំង ចំពោះសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាសព្វថ្ងៃផងដែរ។ ប្រជាពលរដ្ឋខ្មែររស់រាន មានជីវិត ដោយថ្ងៃរំដោះ៧មករា នឹងថ្កោលទោសចំពោះអ្នកដែលប្រមាថ ដល់ថ្ងៃ៧មករា។ កម្ពុជារីកចម្រើនខ្លាំងដូចបច្ចុប្បន្ននេះ គឺដោយសារថ្ងៃ៧មករា ហើយស្ថាបនិកនៃថ្ងៃ៧មករាជាអ្នកណា នោះគឺសម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង យកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រជាជនកម្ពុជាចេញពីរបបអាវខ្មៅប៉ុលពត ហើយខិតខំកសាងប្រទេសជាតិពីបាទដដែទទេ រហូតដូចឃើញក្នុងពេលបច្ចុប្បន្ន៕