(កោះកុង)៖ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកោះកុង បានបង្ហាញនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះថា ក្នុងថ្ងៃបុណ្យចូលឆ្នាំ២០១៧ ឈានចូល២០១៨ ខេត្តកោះកុង បានទទួលភ្ញៀវជាតិ-អន្តរជាតិ ជាង៦ម៉ឺននាក់ ដែលចំនួននេះមានកំណើនជាងឆ្នាំមុន។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងឲ្យដឹងថា ខេត្តកោះកុងថ្ងៃបុណ្យចូលឆ្នាំសកល២០១៧ ឈានចូលឆ្នាំ២០១៨ ខេត្តកោះកុង មានតំបន់ទេសចរណ៍ជាកន្លែងកំសាន្តច្រើន គួរឲ្យចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ហេតុដូច្នេះហើយខេត្តកោះកុង បានធ្វើឲ្យមានការទទួលភ្ញៀវជាតិ-អន្តរជាតិមានកំណើនជាងឆ្នាំមុន។
លោកស្រី អភិបាលខេត្ត បានបន្តថា ដើម្បីឲ្យខេត្តមានសោភ័ណ្ឌភាព ជាការទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ កាន់តែមានកំណើនខ្ពស់នោះ អាជ្ញាខេត្តនឹងខិតខំបន្តបន្ថែមទៀត ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្នែកវិស័យទេសចរណ៍ និងបរិស្ថានឲ្យមានភាពរីកស្រស់បំព្រង។ ជាមួយគ្នានេះ អាជ្ញាធរខេត្តនឹងខិតខំបន្តដោយមិនគិតពីភាពនឿយហត់ឡើយ។ ក្នុងនោះលោកស្រីអភិបាលខេត្តកោះកុង សូមឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នាគឺ ដើម្បីខេត្តយើងទាំងអស់គ្នាៗ
លោកឧត្តមសេនីយ៍ សំ ឃិតវៀន ស្នងការនគរបាលខេត្ត ក៏បានឲ្យដឹងថា នៅក្នុងបុណ្យចូលឆ្នាំសកល២០១៧ ឈានចូល២០១៨ សម្រាប់ខេត្តកោះកុងទាំងមូល ការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ គឺមានភាពល្អប្រសើរ គ្មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នោះទេ។ ប្រជាពលរដ្ឋយើងបានយល់ដឹងខ្ពស់ ក្នុងការបើកបរ តែលោកស្នងការ នៅតែទទូចឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់ និងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា៕