(ភ្នំពេញ)៖ នៅអំឡុងពេញ១ឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជាបានទទួលស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ប្រទេសផ្សេងៗចំនួន១០រូប។ ក្នុងចំណោមមេដឹកនាំ ប្រទេសទាំងឡាយ ដែលបានមកដល់ប្រទេសកម្ពុជា ឆ្នាំ២០១៧នោះ ភាគច្រើនជាប្រធានាធិបតី នាយករដ្ឋមន្រ្តីនៃប្រទេសស្ថិតនៅតំបន់អាស៊ាន ដែលធ្វើឡើងដើម្បីរឹតចំណងការទូត និងមិត្តភាព ហើយហុចផ្លែផ្កាយ៉ាងល្អប្រសើរ ជូនគ្នាទៅវិញទៅមក តាមរយៈការចុះកិច្ចព្រមព្រៀងនានា។
ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងមេដឹកនាំជាន់ខ្ពស់ប្រទេសផ្សេងៗ ដែលបានមកដល់ប្រទេសកម្ពុជានោះរួមមានដូចតទៅ៖
* ទស្សនកិច្ចរបស់ប្រធានាធិបតីសិង្ហបុរី៖
លោក តូនី តាន់ កេងយ៉ាំ (Tony Tan Keng Yam) ប្រធានាធិបតីទី៧របស់សាធារណរដ្ឋសិង្ហបុរី ដែលកាន់តំណែងតាំងពីឆ្នាំ២០១១នោះ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ ទស្សនកិច្ចនេះមានចំនួនច្រើនថ្ងៃជាងទស្សនកិច្ចរបស់លោកប្រធានធិបតីចិន ស៊ី ជិនពីង និង លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានមកកម្ពុជា២ថ្ងៃៗ កាលពីចុងឆ្នាំ២០១៦ ក៏ប៉ុន្តែទស្សនកិច្ចរបស់ លោក តូនី តាន់ ហាក់ត្រូវបានចាប់អារម្មណ៍តិចតួច ដោយគ្រាន់តែមាន MoU ចំនួន២ប៉ុណ្ណោះ។ ក្រៅពីនោះមានការជួបសំណេះសំណាល ហើយក៏លោកផ្តល់ការចាប់អារម្មណ៍ ទៅទស្សនាប្រាសាទអង្គវត្តខ្មែរ តែម្តង។
អនុស្សារណៈចំនួន២ ដែលត្រូវចុះហត្ថលេខាក្នុងនោះរួមមាន៖
ទី១៖ អនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី។
ទី២៖ ពិធីចុះហត្ថលេខាលើអនុស្សារណៈ រវាងមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng ប្រទេសសិង្ហបុរី។
* ទស្សនកិច្ចរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា
លោក ធិន ច ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងភរិយា រួមទាំងគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់០៦ ខែកុម្ភៈ ឆ្នាំ២០១៧។ អំឡុងពេលទស្សនកិច្ចនេះ លោកធិន ច បានកោតស្ញប់ស្ញែង ចំពោះការរីកចម្រើនលើវិស័យសេដ្ឋកិច្ច រួមទាំងវិស័យដទៃទៀតរបស់កម្ពុជា ហើយសុំបទពិសោធន៍ពីសម្តេចតេជោ ហ៊ុន សែន ។ ក្រៅពីនោះ តាមរយៈទស្សនកិច្ចនេះមីយ៉ាន់ម៉ា ប្រកាសផ្ដល់ អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលចង់រៀនភាសាភូមា។ អំឡុងពេលទស្សនកិច្ចនេះផងដែរ លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូ បានទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី ព្រមទាំងប្រាសាទល្បីៗរបស់ខ្មែរ។
* ទស្សនកិច្ចរបស់ ប្រធានាធិបតីឡាវ
លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានាធិបតីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ទស្សនកិច្ចនេះ មានគោលបំណងរឹតចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតថែមទៀត។ កម្ពុជាបានឯកភាពអនុញ្ញាតឱ្យឡាវប្រើប្រាស់កំពង់ផែ និងផ្លូវទឹក ផ្លូវគោកកម្ពុជា សម្រាប់ការដឹកទំនិញចេញចូល។ ភាគីទាំងពីរបានពេញចិត្ត ចំពោះការដាក់ឱ្យប្រើប្រាស់ប័ណ្ណឆ្លងកាត់ព្រំដែន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ និង ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវច្រកទ្វារអន្តរជាតិ និងអគារត្រួតពិនិត្យត្រពាំងក្រៀល-ណងណុកខៀន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។ ភាគីទាំងពីរបានពិភាក្សា អំពីបញ្ហា បោះបង្គោលព្រំដែន ដែលសម្រេចបាន៨៦ភាគរយ។ ភាគីទាំងពីរបានជជែកអំពីបញ្ហាសមុទ្រចិនខាងត្បូង ដែលយល់ឃើញរួមថា បញ្ហានេះគួរត្រូវដោះស្រាយដោយសន្តិវិធី និងការចរចារវាងភាគីពាក់ព័ន្ធ។
* ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្ដីវៀតណាម
លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្ដីវៀតណាម បានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ អំឡុងទស្សនកិច្ចនេះ កម្ពុជា-វៀតណាម បានឯកភាពគ្នាថា នឹងប្រឹងប្រែងបោះបង្គោលតម្រុយអចិន្ត្រៃយ៍ និងបង្គោលបំពេញបន្ថែម ឲ្យបានចប់សព្វគ្រប់ នៅក្នុងឆ្នាំ២០១៧ ដោយឈរទៅលើច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង និងសន្ធិសញ្ញានានារវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ ក៏បានពិភាក្សា អំពីបញ្ហាសមុទ្រចិនខាងត្បូង។ នាយករដ្ឋមន្រ្តីវៀតណាម បានអះអាងនៅចំពោះមុខ សម្តេចតេជោ ហ៊ុន សែន ថាបញ្ហានេះគួរដោះស្រាយ ជម្លោះដោយមធ្យោបាយសន្តិវិធី ការអត់ធ្មត់ ការជៀសវាងការគំរាមកំហែង និងការប្រើប្រាស់ កម្លាំងស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ដែលទទួលស្គាល់ជាសកលរួមមាន អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) គឺជាយន្តការដ៏សំខាន់ សម្រាប់ដោះស្រាយបញ្ហា នៅសមុទ្រចិនខាងត្បូង។
* វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន មានប្រធានាធិបតីប្រទេសអាស៊ាន២រូប និងនាយករដ្ឋមន្ត្រី១រូប បានមកដល់កម្ពុជា
វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ នៅសណ្ឋាគារសុខាភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០១៧។ វេទិកានេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីក្រុមអ្នកវិនិយោគល្បីៗលើពិភពលោក ព្រោះជាឱកាសសម្រាប់ពួកគេពង្រីកការវិនិយោគនៅ តំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង ៦០០លាននាក់។ វេទិកានេះ មានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ, លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក ព្រមទាំងអ្នកវិនិយោគ និងធុរកិច្ចជនជាមេដឹកនាំ មកពីបណ្តាក្រុមហ៊ុនល្បីៗ និងធំៗលើពិភពលោកជាច្រើនរូបផងដែរ។
* ទស្សនកិច្ចរបស់លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល៣ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០១៧ ដើម្បីបន្តពង្រឹងមិត្តភាពកម្ពុជា-វៀតណាម។ អំឡុងទស្សនកិច្ចនេះ ប្រជាជនវៀតណាម ផ្តល់ជូនរដ្ឋសភាកម្ពុជា ចំនួន២៥លានដុល្លាអាមេរិក សម្រាប់កសាងអគាររដ្ឋបាល នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ហើយកម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារនៃអនុស្សរណៈយោគយល់គ្នាចំនួន៥ រួមមាន៖
១៖ សេចក្ដីថ្លែងការណ៍រួមស្ដីពី ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម
២៖ ក្របខណ្ឌកិច្ចព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្ដីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម
៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនី ការតភ្ជាប់បណ្ដាញបញ្ជូនអគ្គិសនី និងពាណិជ្ជកម្មថាមពល
៤៖ ពិធីសារស្ដីពី សកម្មភាពសង្គ្រោះមហន្តរាយអចិន្ត្រៃយ៍ នៅតាមតំបន់ព្រំដែនគោក
៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន (NIPTICT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនវៀតធែលខេមបូឌា (Viettel Cambodia Pte Ltd) របស់វៀតណាម។
* ទស្សនកិច្ចរបស់លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ
លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧។ អំឡុងទស្សនកិច្ចនេះ កម្ពុជា-ថៃ បានចុះហត្ថលេខាលើពិធីសារចំនួន២រួមមាន៖ ១៖ សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះលើកទី៣ និង ២៖ ព្រមព្រៀងរវាងប្រទេសទាំងពីរស្តីពីការ ជៀសវៀងការយកពន្ធត្រួតគ្នា និងការកឹបកេងបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល។ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូឆា ក៏បានអញ្ជើញរួមគ្នាសម្ពោធ «សួនមិត្តភាពកម្ពុជា-ថៃ» ដែលជាទីតាំងនិមិត្តរូបដំបូងគេនៅកម្ពុជា បង្ហាញពីទំនាក់ទំនង និងមិត្តភាពរវាងកម្ពុជា-ថៃផងដែរ។
* ទស្សនកិច្ចរបស់លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីបង់ក្លាដេស
លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ជាលើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់០៥ ខែធ្នូ ឆ្នាំ២០១៧។ ទស្សនកិច្ចនេះ គឺជាការបង្ហាញ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំជាមួយប្រទេសកម្ពុជា។ អំឡុងទស្សនកិច្ច កម្ពុជា-បង់ក្លាដេស បានចុះហត្ថលេខាលើឯកសារចំនួន១១ ក្នុងនោះរួមមាន៖
១៖ សេចក្តីថ្លែងការណ៍រួមស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីបង់ក្លាដេស។
២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការលើបញ្ហាពាក់ព័ន្ធក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាពរហូតដល់ឆ្នាំ២០៣០។
៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីម៉ូឌែលសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នចំណុះក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះ។
៦៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្ថាប័នលើកិច្ចការពាក់ព័ន្ធនឹងការជំរុញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគបង់ក្លាដេស។
៧. អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។
៨. អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យវារីវប្បកម្ម និងនេសាទ។
៩. អនុស្សារណៈយោគយល់គ្នាស្តីពីសហប្រតិបត្តិការក្នុងការអភិរក្ស ប្រវត្តិសាស្រ្តសង្រ្គាម បូជនីយស្ថានសង្គ្រាម និងកេរដំណែលសង្គ្រាម។
១០. អនុស្សារណស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិក្សាស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងយុទ្ធសាស្រ្តបង់ក្លាដែស។
១១. កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស៕