(ភ្នំពេញ)៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh news នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ ថាបទល្មើសផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ នៅតែកើតមាន ទោះបីជាការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ត្រូវបានហាមឃាត់ទាំងស្រុង ដោយច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រ ឲ្យចូលជាធរមានតាំងពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៥មកក៏ដោយ ក៏ឧស្សាហកម្មថ្នាំជក់នៅតែបំពាន ផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួន។
យោងតាមលទ្ធផលនៃការអង្កេត ស្តីពីការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យថ្នាំជក់ ដែលបានធ្វើឡើងដោយអង្គការចលនា ដើម្បីសុខភាពកម្ពុជា នៅចុងឆ្នាំ២០១៧ បានបង្ហាញឲ្យឃើញថា ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅតែមានដោយ៤៦% នៃកន្លែងលក់គ្រឿងទេស និង៧%នៃភោជនីយដ្ឋាន/អាហារដ្ឋាន មានផ្សាយពាណិជ្ជកម្មបារី, ទម្រង់នៃការផ្សាយពាណិជ្ជកម្ម ដែលប្រទះឃើញមានច្រើនជាងគេគឺ ផ្ទាំងរូបភាពតូចៗមានដល់ទៅ៨៧.៥%។ ម៉ាកផលិតផលថ្នាំជក់ដែលឃើញមានផ្សាយពាណិជ្ជកម្មច្រើនជាងគេមាន Fine ៤៧%, Alain Delon ៤៩%,Luxury ១៣%, Happy Time១៣%, ARA ៧%, Cambo ៧% និង Winston ៧% ។
ការហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ជាវិធានការមួយក្នុងចំណោមវិធានការដែលមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ដែលត្រូវបានកំណត់ ក្នុងអនុសញ្ញា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ របស់អង្គការសុខភាពពិភពលោក។
សូមជម្រាបថា ការប្រើប្រាស់ផលិតផលថ្នាំជក់ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាឧបសគ្គនៃការអភិវឌ្ឍប្រទេស។ ជាក់ស្ដែង ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជា១ម៉ឺននាក់ត្រូវបានស្លាប់ដោយសារជំងឺ ដែលបង្កដោយការប្រាស់ផលិតផលថ្នាំជក់ (នេះបើយោងតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោក)។ ថវិកាប្រមាណ២០០លានដុល្លារអាមេរិក ត្រូវបានចំណាយដើម្បីទិញបារីជក់ (វិទ្យាស្ថានជាតិស្ថិតិ ២០១៥) ហើយថវិកាប្រមាណ១៦២លានដុល្លារអាមេរិក ត្រូវបានចំណាយដើម្បីព្យាបាលជំងឺ ដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ប្រាំមុខ (មជ្ឍមណ្ឌលជាតិលើកកំពស់សុខភាព)៕