(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា ក្រោមការគិតគូរយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ ទៅតាមដំណាក់កាល ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនី ដើម្បីបំពេញតម្រូវការជាក់ស្ដែងសម្រាប់ជីវភាពប្រចាំថ្ងៃ ក្នុងនោះចាប់ពីឆ្នាំថ្មី២០១៨ តទៅ ប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែ១៧០ដុល្លារ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
ជាមួយគ្នានេះ អត្តប្រយោជន៍ផ្សេងទៀតរួមមាន៖ ការទទួលសេវាពិនិត្យសុខភាព និងព្យាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ ការទទួលបាននេះ មិនមែនសម្រាប់តែកម្មករ-កម្មការិនីនោះទេ សូម្បីសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ប្រធានភូមិ ជំនួយការភូមិ និងកីឡាករ-កីឡាការិនី ក៏ទទួលបានសេវាដ៏ចម្បងនេះដូចគ្នាដែរ។ សម្រាប់កម្មករ-កម្មការិនី ដែលសម្រាលកូនហើយ ទទួលប្រាក់ជំនួយក្នុងអត្រា១២០ភាគរយ រយៈពេល៣ខែ ហើយអំឡុងពេលមានផ្ទៃពោះនោះ កម្មការិនីក៏ទទួលបានការអនុញ្ញាតឲ្យចេញពីធ្វើការមុនម៉ោងយ៉ាងតិច១៥នាទី តាមការសំណូមពរ របស់សម្ដេចតេជោ ហ៊ុន សែន។ កម្មការិនីដែលបម្រើការងារទាំងក្នុង និងក្រៅប្រព័ន្ធ ប្រសិនបើសម្រាលបានកូនម្នាក់ ទទួលបានថវិកាពីសម្ដេចតេជោ ហ៊ុន សែន ចំនួន៤០ម៉ឺនរៀល បើកូនភ្លោះ២នាក់ ទទួលបានថវិកា៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ ទទួលបានថវិកាចំនួន ១លាន២០ម៉ឺនរៀល ព្រមទាំងអត្ថប្រយោជន៍មួយចំនួនទៀត។
ចំពោះរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលពីមុនកម្មករ-កម្មការិនីត្រូវបង់ខ្លួនឯងនោះ ចាប់ពីឆ្នាំ២០១៨ តទៅ គឺនិយោជកជាអ្នករ៉ាប់រងបង់ជំនួសវិញ ដែលត្រូវទូទាត់ជាមួយរាជរដ្ឋាភិបាល តាមរយៈការកាត់កងពន្ធ។ អាជ្ញាធរមានភារកិច្ចចុះត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី ដើម្បីធានាការកាត់បន្ថយការចំណាយរបស់កម្មករ-កម្មការិនី។ រាជរដ្ឋាភិបាល និងសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែសហការគ្នាបន្តដោះស្រាយបញ្ហាពលករ ដែលកំពុងបម្រើការងារនៅក្រៅប្រទេស។ ការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនក្រុងភ្នំពេញ ដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំ ដែលអត្ថប្រយោជន៍នេះ មិនត្រឹមតែកម្មករនិយោជិតទេ ព្រះសង្ឃ កីឡាករ-កីឡាការិនី សិស្សានុសិស្ស ក៏ទទួលបានសេវាដ៏សំខាន់នេះផងដែរ។
ក្រៅពីអត្ថប្រយោជន៍ទាំងនេះ កម្មករនិយោជិតក៏បាន និងកំពុងទទួលនូវអត្ថប្រយោជន៍ មួយចំនួនទៀតដូចជា ការបញ្ចុះថ្លៃប្រើប្រាស់ទឹក អគ្គិសនី និងការរក្សាថ្លៃជួលផ្ទះ។ លើសពីនេះ រាជរដ្ឋាភិបាល ក៏កំពុងខិតខំរៀបចំបែបបទ និងការងារពាក់ព័ន្ធ ដើម្បីដាក់ចេញរបបសោធននិវត្តន៍ជូនកម្មករ-កម្មការិនី នៅឆ្នាំ២០១៩ ខាងមុខផងដែរ។
រាជរដ្ឋាភិបាល ក៏មិនព្រងើយកន្តើយដែរ ចំពោះការងារស្វែងរក និងទំនាក់ទំនងជាមួយប្រទេស និងក្រុមហ៊ុនបញ្ជាទិញទំនិញពីកម្ពុជា ពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម ដើម្បីឲ្យពួកគេរក្សា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា សំដៅបង្កើនឱកាសការងារ និងប្រាក់ចំណូលជូនកម្មករ-កម្មការិនីកម្ពុជា។
លោក ជា ពិសី អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅសាលាខណ្ឌឫស្សីកែវ ក្នុងពេលលោកដឹកនាំមន្ត្រីក្រោមឱវាតពាក់ព័ន្ធមួយចំនួន មកទទួលយកនូវទេយ្យទានមានជាបច្ច័យចំនួន៤លានរៀល បាឡុង២សម្រាប់ ស្លាដក១៥កញ្ចប់ និងទឹកបរិសុទ្ធ៥០យួរ ទឹកត្រី៥០យួរ ពីព្រះតេជព្រះគុណ សុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព គង់នៅវត្ត «ទួលសន្តិវ័ន» ហៅវត្ដទួលអស់លោក ដែលកន្លងមកព្រះអង្គ បានសន្យាជួយឧបត្ថម្ភជួយដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ចំនួន៤លានរៀល ជារៀងរាល់ខែ ដើម្បីយកមករក្សាត្រៀមទុកបន្តជួយតាមគ្រួសារក្រីក្រ ងាយរងគ្រោះ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសប្រគល់ និងទទួលបច្ច័យចំនួន៤លានរៀល បាឡុង២ ស្លាដក១៥កញ្ចប់ និងទឹកបរិសុទ្ធ៥០យួរ ទឹកត្រី៥០យួរ ខាងលើនេះ លោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខ ឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណសុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តទួលសន្តិវ័ន្ដ ដោយបានផ្ដល់ជូននូវវប្បធម៌ ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជាក្នុងបំណងចូលរួមទ្រទ្រង់ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»។
លោក ជា ពិសី បានថ្លែងទៀតថា លោក នឹងបន្តនាំយកនូវបច្ច័យ ក៏ដូចជាសម្ភារ ដែលព្រះតេជគុណសុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព បានឧបត្ថម្ភជួយមកអនុសាខាកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋក្រីក្រ លំបាក ជាជនចាស់ជរាគ្មានទីពឹង និងអ្នកកើតជម្ងឺរ៉ាំរៃ ឫមានផ្ទុកមេរោគអេដស៍ជាដើម «ពោលគឺផ្ដល់ជូនជនងាយរងគ្រោះ» ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឲ្យស្របតាមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ ព្រះតេជព្រះគុណ សុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព គង់នៅវត្ត «ទួលសន្តិវ័ន» បានមានសង្សដីកាថា សម្រាប់បច្ច័យ សម្ភារនិងគ្រឿងឧបភោគបរិភោគ និងត្រូវជួយផ្ដល់ មកជាបន្តបន្ទាប់ ចំពោះអនុសាខាកាកបាទក្រហមកម្ពុជា ជារៀងរាល់ខែ ដែលបច្ច័យទាំងនេះផងដែរ បានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីឲ្យគណៈកម្មការអាចារ្យវត្ត បានចូលរួមសហការបរិច្ចាគ នូវវប្បធម៌ចែករំលែកដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ក្នុងបំណងដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើន លូតលាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស្ស័យ៕