(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះនាយករដ្ឋមន្ត្រីចិន លោក លី គឺឈាង នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដោយអមដំណើរមកជាមួយអ្នកវិនិយោគចិន ជាច្រើនរូបមករកឱកាសវិនិយោគនៅកម្ពុជា។

តាមរយៈទំព័រ Facebook នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «នៅសប្តាហ៍ក្រោយនេះ យើងនឹងទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង (Li Keqiang) ដែលនឹងអញ្ជើញមក ទស្សនៈកិច្ចជាផ្លូវការនៅកម្ពុជា។ ជាមួយគ្នានេះដែរ នឹងមានអ្នកវិនិយោគគិនចិនជាច្រើនមករកឱកាស បណ្តាក់ទុន វិនិយោគនៅក្នុងប្រទេសយើងផងដែរ»

តាមក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន គឺដើម្បីចូលរួមកិច្ចប្រជុំ មេគង្គ-ឡានឆាងលើកទី០២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។ កិច្ចប្រជុំនេះនឹងមានថ្នាក់ដឹកនាំប្រទេសជាប់ដងទន្លេមេគង្គ៤ផ្សេងទៀតចូលរួមផងដែរ រួមមាន៖ ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។

ក្រៅពីការជូនដំណឹងនៃដំណើរទស្សនកិច្ចរបស់លោក លី គឺឈាង មកកាន់ប្រទេសកម្ពុជាហើយនោះ ប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចផងដែរថា ឆ្នាំថ្មីឆ្នាំ២០១៨នេះ កម្ពុជាកំពុងតែបោះជំហានទៅមុខជាមួយ ការីកចម្រើន ដែលជាមោទនៈភាពរបស់ជាតិទាំងមូល។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ដោយសាស្ថេរភាពនយោបាយ និងលំនឹងនៃកំណើនសេដ្ឋកិច្ចជាតិ កម្ពុជាបាន ទាក់ទាញវិនិយោគទុនបរទេសជាច្រើន ជាពិសេសមកពីប្រទេសចិនជាមិត្ត៕