(កណ្ដាល)៖ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះពិនិត្យមើលដំណើរការ សាងសង់អគារសិក្សា១ខ្នង ៧បន្ទប់ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ក្នុងស្រុកកណ្ដាលស្ទឹង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលរហូតមកដល់ពេលនេះ បានកសាងប្រមាណ៥០% គ្រោងចំណាយថវិកា៨ម៉ឺនដុល្លារ។
ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបន្ដជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះយុវជនទាំង១៨ឃុំ និង២វិទ្យាល័យ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ទទួលពានរង្វាន់របស់លោកផងដែរ។
លោក បូ ណារ៉េត អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ក្រុមកីឡាករយុវជនមាន២០ក្រុម មកពី១៨ឃុំ និង២វិទ្យាល័យ គឺវិទ្យាល័យហ៊ុន សែន កំពង់កន្ទួត និងវិទ្យាល័យព្រែកស្លែង ហើយគោលបំណង នៃការប្រកួត គឺដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ថ្ងៃជ័យជំនៈ ៧មករា ១៩៧៩ ដល់២០១៨ និងសុខភាពបង្កើន ការសាមគ្គីគ្នារវាងយុវជនក្នុងស្រុក និងយុវជនទូទាំងប្រទេស ជាពិសេសបញ្ជៀសយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញឿន ដែលសង្គមមនុស្សជាតិស្អប់ខ្ពើម។
នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកទឹកចិត្ត និងណែនាំដល់ក្មួយៗជាយុវជនទាំងអស់ ឲ្យនាំគ្នាលេងកីឡាដែលអាចឲ្យទទួលបាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានមេត្រីភាព និងមានសាមគ្គីភាព ព្រមទាំងដើម្បីជៀសឲ្យផុតពីគ្រឿងញៀន នាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង។
បើតាម លោក ហ៊ីង ប៊ុនហៀង ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នមានការីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាមានការរីកចម្រើនគួរឲ្យគត់សំគាល់ នាពេលថ្មីៗនេះមានក្រុមកីឡាករកម្ពុជា បានទៅប្រកួតកីឡាក្របខណ្ឌអាស៊ាន និងពិភពលោកបានទទួលមេដាយមាសប្រាក់ជាច្រើនរូប ធ្វើឲ្យពិភពលោកទទួលស្គាល់កម្ពុជា ជម្រុញកំណើនភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជាយ៉ាងច្រើន ដែលកីឡាជាគោចរសន្តិភាពពិភពលោក នាំមកនូវកិច្ចសហប្រតិបត្តិការល្អ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។
ឆ្លងតាមការប្រកួតលក្ខណៈវិលជុំរយៈពេល៤សប្ដាហ៍កន្លងមក ក្រុមកីឡាករអំពៅព្រៃដំរីសយុវជន ឃុំអំពៅព្រៃ ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ បាល់៥ ថវិកា៥លានរៀល, ក្រុមកីឡាករយុវជន ឃុំអន្លង់រមៀត លេខ២ទទួលបាន បាល់៤ ថវិកា៣លានរៀល, ក្រុមកីឡាករយុវជនឃុំបាគូរ លេខ៣ ទទួលបានបាល់៣ ថវិកា២លានរៀល, ក្រុមកីឡាករយុវជនឃុំដើមឬស លេខ៤ ទទួលបានបាល់២ ថវិកា១លាន២សែនរៀល ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សកីឡាករ ក្រុមគ្រូបង្វឹក និងប្រគល់បណ្ឌសរសើរផងដែរ៕