(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះសួរសុខទុក្ខកម្មការិនីសម្រាលកូន និងអ្នកជំងឺ៦៧៤នាក់ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី)។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «រយៈពេល២ថ្ងៃដើមឆ្នាំ២០១៨នេះ បងប្អូនកម្មការិនីចំនួន៨នាក់ ដែលបានសម្រាលកូន នៅមន្ទីរពេទ្យរុស្ស៊ី នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភថវិកាម្នាក់៤០ម៉ឺនរៀល ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស), តែបើគិតត្រឹមថ្ងៃទី១ កម្មការិនីសម្រាលកូនមានចំនួន២៨នាក់ទាំងក្នុង និងក្រៅប្រព័ន្ធ ហើយសម្រាប់ថ្ងៃទី០២ ខែមករានេះ ក៏មានកម្មការិនីយើង បានសម្រាលកូនជាបន្ដបន្ទាប់ទៀតផងដែរ ដែលយើងនឹងធ្វើការបូកសរុបតាមក្រោយទៀត»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ជំរុញ និងណែនាំក្រុមគ្រូពេទ្យទាំងអស់ ត្រូវចិត្ដទុក្ខដាក់ខ្ពស់ មិនឱ្យមានការព្រងើយកន្តើយ ចំពោះអ្នកជំងឺនោះទេ ហើយជួយសង្រ្គោះអ្នកជំងឺជាធំ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់»។
ទន្ទឹមនឹងនោះ កម្មការិនីនៅរោងចក្រ ចាក់អង្រែលើ ឈ្មោះ សំ ទូច ដែលសម្រាលកូននៅមន្ទីរពេទ្យរុស្ស៊ី បានសម្ដែងការ សប្បាយរីករាយយ៉ាងខ្លាំង ចំពោះការយកចិត្ដទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ដែលតែងតែផ្សារ ភ្ជាប់សុខទុក្ខ របស់ប្រជាពលរដ្ឋជាមួយ រូបសម្តេចផ្ទាល់ ដែលសម្ដេចបានផ្ដល់ទាំងថវិកា និងការព្យាបាលដោយឥតគិតថ្លៃ គឺជួយសម្រាលទុក្ខលំបាកពួកគាត់ច្រើនណាស់ ពិសេសជួយលើកម្ពស់ជីវភាពរបស់កម្មករ កម្មការិនី កាន់តែល្អប្រសើរឡើង។
សូមជម្រាបថា អត្ថប្រយោជន៍ដែលកម្មករ-កម្មការិនី ទទួលបានពីរាជរដ្ឋាភិបាល ចាប់ពីឆ្នាំ២០១៨ រួមមាន៖
១៖ ការទទួលបានប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែ ១៧០ដុល្លារ សម្រាប់កម្មករ-កម្មការិនី ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
២៖ ការទទួលសេវាពិនិត្យសុខភាព និងព្យាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។
៣៖ សម្រាប់កម្មករ-កម្មការិនី ដែលសម្រាលកូនហើយ ទទួលប្រាក់ជំនួយក្នុងអត្រា ១២០ភាគរយ រយៈពេល៣ខែ ហើយអំឡុងពេលមានផ្ទៃពោះនោះ កម្មការិនីក៏ទទួលបានការអនុញ្ញាតឲ្យចេញពីធ្វើការមុនម៉ោងយ៉ាងតិច ១៥នាទី តាមការសំណូមពររបស់សម្ដេចតេជោ ហ៊ុន សែន។
៤៖ កម្មការិនីដែលបម្រើការងារទាំងក្នុង និងក្រៅប្រព័ន្ធ ប្រសិនបើសម្រាលបានកូនម្នាក់ ទទួលបានថវិកាពីសម្ដេចតេជោ ហ៊ុន សែន ចំនួន៤០ម៉ឺនរៀល បើកូនភ្លោះ២នាក់ ទទួលបានថវិកា៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ ទទួលបានថវិកាចំនួន ១លាន២០ម៉ឺនរៀល ព្រមទាំងអត្ថប្រយោជន៍មួយចំនួនទៀត។
៥៖ ចំពោះរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលពីមុនកម្មករ-កម្មការិនីត្រូវបង់ខ្លួនឯងនោះ ចាប់ពីឆ្នាំ២០១៨ តទៅ គឺនិយោជកជាអ្នករ៉ាប់រងបង់ជំនួសវិញ ដែលត្រូវទូទាត់ជាមួយរាជរដ្ឋាភិបាល តាមរយៈការកាត់កងពន្ធ។
៦៖ ការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនក្រុងភ្នំពេញ ដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំ៕