(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ខ្លួននឹងរៀបចំ «វេទិកាអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ» នៅចុងសប្ដាហ៍ក្រោយនេះ ពោលគឺនៅថ្ងៃទី១២ ខែមករា។
បើតាមសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបានបញ្ជាក់ថា ដើម្បីឲ្យអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន បង្កើនកម្រិតទំនាក់ទំនង, បង្កើនការជឿទុកចិត្តគ្នា, បង្កើនការគោរពគ្នា និងអនុសាសន៍ដោះស្រាយ ហើយចង់ដឹងថា តើអ្នកសារព័ត៌មានត្រូវការអ្វីខ្លះពីអ្នកនាំពាក្យ? តើអ្នកនាំពាក្យត្រូវការអ្វីខ្លះពីអ្នកសារព័ត៌មាន?។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា អ្នកនាំពាក្យ និងអ្នកសារព័ត៌មាន គឺជាដៃគូបំពេញឲ្យគ្នា ពីព្រោះម្ខាងជាអ្នកផ្ដល់ខ្លឹមសារ ហើយម្ខាងទៀតជាអ្នកផ្សាយខ្លឹមសារនោះទៅកាន់ប្រជាជន។ ប្រសិនបើការទទួលខ្លឹមសារព័ត៌មាន មិនច្បាស់លាស់ មិនបានស៊ីជម្រៅ នោះការផ្សាយក៏នឹងមិនបានគ្រប់ជ្រុងជ្រោយដែរ ហើយការខាតបង់នោះគឺប្រជាជនដែលត្រូវការព័ត៌មានពិត ត្រឹមត្រូវ ពេញលេញ គ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តដ៏ប្រសើរ។ ប្រសិនបើអ្នកសារព័ត៌មានចេញផ្សាយមុន ហើយអ្នកនាំពាក្យបែរជាចាំតែកែខ្លឹមសារតាមក្រោយ នោះក៏មិនមែនជាទិដ្ឋភាពដែលប្រសើរនោះទេ។
សហភាពសហព័ន្ធអ្នកសារព័ត៌មាន រំពឹងទុកថា វេទិកានេះនឹងពង្រីកបាននូវកិច្ចទំនាក់ទំនងក្នុងភាពជាដៃគូរវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ ក្នុងការផ្លាស់ប្តូរមតិយោបល់ លើយន្តការទទួលព័ត៌មាន និងផ្តល់ព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងពង្រឹងគុណភាព នៃការផ្សព្វផ្សាយលើគ្រប់វិស័យនៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង។
«វេទិកាអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ» ដែលជាជំនួបប្រចាំឆ្នាំលើកដំបូង ទទួលបានកិច្ចសហការនិងឧបត្ថម្ភគាំទ្រពី៖ ក្រសួងបរិស្ថាន, សាលារាជធានីភ្នំពេញ, សាកលវិទ្យាល័យ CUP, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ និងវិទ្យាស្ថាន Mekong Dialogue Institute។
សូមអានខ្លឹមសារលម្អិតនៃសេចក្ដីប្រកាសព័ត៌មាន របស់សហភាពសហព័ន្ធអ្នកសារព័ត៌មាន នៅខាងក្រោមនេះ៖