(កណ្តាល)៖ ជនត្រូវចោទម្នាក់បានលោតសម្លាប់ខ្លួន ក្នុងពន្ធនាគារខេត្តកណ្តាល ដែលអ្នកខ្លះថា ជាករណីវាយតប់គ្នា ហើយមជ្ឈដ្ឋានមួយចំនួនរិះគន់អំពីការធ្វេសប្រហែសនៃបញ្ហានេះ។ របាយការណ៍ពន្ធនាគារ អះអាងថា ជននេះលោតសម្លាប់ខ្លួន តែតុលាការកំពុងស៊ើបអង្កេតករណីនេះ ឱ្យពិតប្រាកដថា ជាករណីលោតសម្លាប់ខ្លួនឬជាករណីអ្វីផ្សេង។
ជនត្រូវចោទឈ្មោះ មុត លីណាន ភេទប្រុស អាយុ៣១ឆ្នាំ ជាប់ចោទពីបទ «ធ្វើឱ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ។ ជននេះត្រូវបានលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ឃុំខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។
កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ជននេះបានលោតសម្លាប់ខ្លួនពីស៊ីទែនផ្ទុកទឹកដ៏ធំក្នុងពន្ធនាគារ ដែលអ្នកដឹងរឿងច្បាស់អះអាងថា ទំនងមិនមែនជាករណីលោតសម្លាប់ខ្លួនទេ គឺជាករណីវាយតប់គ្នាក្នុងពន្ធនាគារ។
លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល មិនទាន់បញ្ជាក់ពីព័ត៌មានលម្អិតបាននៅឡើយទេ នៅវេលាម៉ោងជិត ១រសៀលថ្ងៃនេះ ដោយលោកប្រាប់យ៉ាងខ្លីថា លោកកំពុងជាប់រវល់ប្រជុំ។
ដោយឡែកលោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ថ្លែងថា អយ្យការកំពុងស៊ើបអង្កេត ករណីនេះ ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ។
អ្នកច្បាប់មួយរូប អះអាងថា ជនត្រូវចោទបានស្លាប់។ ដូច្នេះសំណុំរឿងនេះត្រូវបានរលត់បណ្តឹងអាជ្ញា យោងតាមមាត្រា៧នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕