(ភ្នំពេញ)៖ នៅវេលាម៉ោងជិត១០យប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចក្រុមទី០៣ ភូមិឡកំបោរ​ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីបាញ់ប្រហារ មួយបានកើតឡើង នៅម្ដុំស្ពានលីយ៉ុងផាត់ ​ដោយខ្មាន់កាំភ្លើងបានបាញ់ប្រហារ ទៅលើជនរងគ្រោះចំនួន២គ្រាប់ បណ្ដាលឲ្យចំកណ្ដាលក្បាល រងរបួសធ្ងន់ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា។

លោក អ៊ីវ ឈុនផេង អធិការរងនគរបាលទទួលផែនព្រហ្មទណ្ឌខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ករណីបាញ់ប្រហារនេះ បង្កឡើងដោយជនល្មើសមានគ្នា០២នាក់ មិនស្គាល់អត្តសញ្ញាណ មធ្យោបាយម៉ូតូ០១គ្រឿងម៉ាក ភីស៊ីអ៊ិច (PCX) ពណ៌ស (មិនបានមើលស្លាកលេខ) ប្រដាប់ដោយអាវុធខ្លី០១ដើម មិនស្គាល់ម៉ាក (ម្នាក់ពាក់អាវពណ៌ស អ្នកបើកម៉ូតូ និងម្នាក់ពាក់អាវពណ៌ខ្មៅ អង្គុយពីក្រោយអ្នកបាញ់)។

បើតាមលោកអធិការរង មូលហេតុដែលនាំឲ្យមានការបាញ់ប្រហារខាងលើនេះ បណ្តាលមកពីរឿងគំនុំ ដែលក្រុមជនបង្ក និងជនរងគ្រោះធ្លាប់មានបញ្ហាជាមួយគ្នា ខណៈពេលនេះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងស្រាវជ្រាវតាមចាប់ក្រុមបង្ក។

ដោយឡែកជនរងគ្រោះមានគ្នា០៣នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CB-4808។ ជនរងគ្រោះទី១៖ ឈ្មោះ សាំង ម៉ានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំពុងអូស ឃុំកំពុងអូស ស្រុកពញ្ញាឮ ខេត្តកណ្តាល (គ្មានរបួស), ទី២៖ ឈ្មោះ ចាន់ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកំពុងអូស ឃុំកំពុងអូស ស្រុកពញ្ញាឮ ខេត្តកណ្តាល (គ្មានរបួស), ទី៣៖ ឈ្មោះ សុំ គឹមស្រ៊ីន (ហៅនីន) ភេទប្រុស អាយុ២០ឆ្នាំ​ មុខរបរកសិករ មានទីលំនៅភូមិតាម៉េ ឃុំតាម៉េ ស្រុកពញ្ញាឮ ខេត្តកណ្តាល (រងរបួស០១គ្រាប់ចំក្បាល ខាងក្រោយបណ្តាលឲ្យស្លាប់)។

ដំណើររឿង នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកនិច មានគ្នាចំនួន០៣នាក់ ចេញពីផ្ទះនៅកំពុងអូស គោលបំណងមករកបងនៅឫស្សីកែវ។ ពេលជនរងគ្រោះ ជិះមកដល់មុខឡុងឈិន​ ស្រាប់តែបែកកង់ម៉ូតូ ជនរងគ្រោះក៏នាំគ្នាបណ្តើររកកន្លែងប៉ះ នៅតាមផ្លូវប្រឡាយតែអត់មាន ក៏បកក្រោយវិញ ហើយបណ្តើរតាមផ្លូវទំនប់ កប់ស្រូវមកផ្លូវជាតិ លេខ៥ លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ០១គ្រឿងម៉ាក ភីស៊ីអ៊ិច ពណ៌ស មានគ្នា០២នាក់ បានមកបាញ់ជនរងគ្រោះ កំពុងបណ្តើរម៉ូតូចំនួន០១គ្រាប់ចំក្បាល ហើយជនល្មើស ក៏ជិះម៉ូតូគេចខ្លួនតាមផ្លូវជាតិលេខ៥ ចូលមកភ្នំពេញបាត់តែម្តង។ បច្ចុប្បន្នជនរងគ្រោះ បានដឹកយកមកសង្គ្រោះ នៅពេទ្យព្រះកេតុមាលា (ពេទ្យ១៧៩)តែនៅព្រឹកនេះ ជនរងគ្រោះកំពុងសង្គ្រោះនៅឡើយ៕