(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ និងប្រជុំផ្សព្វផ្សាយផែនការការងារហ្វឹកហ្វឺន ឆ្នាំ២០១៨ នៅទីបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទរបស់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជំរុញឲ្យគ្រប់កងឯកភាពទាំងអស់ នៃកងយោធពលភូមិន្ទ ត្រូវពង្រឹងបន្ថែមលើផ្នែក ព័ត៌មានវិទ្យា (IT) ឲ្យបានគ្រប់អង្គភាពចំណុះ នៅឆ្នាំ២០១៩។
លោកនាយឧត្តមសេនីយ៍ បានផ្តល់អនុសាសន៍ដល់មេបញ្ជាការកងឯកភាព ប្រធានស្ថាប័ន នាយកសាលា ត្រូវដឹកនាំបញ្ជា និងអនុវត្តឲ្យបានស៊ីជម្រៅ «ខណៈពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ប្រព័ន្ធ IT មានតិចតួចទូទាំង២៥ រាជធានី-ខេត្ត ក្នុងន័យនេះមិនមែនថា គ្រប់កងឯកភាពមួយចំនួនមិនធ្វើទេ ប៉ុន្តែចង់ឲ្យបង្កើនលើវិស័យនេះបន្ថែមទៀត»។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបន្តថា បច្ចុប្បន្ននេះ ប្រព័ន្ធ Internet មានស្ទើរគ្រប់ទីកន្លែងទាំងអស់ ដូច្នេះវាផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងការងារជាមួយគ្នាតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។ ក៏ប៉ុន្តែនៅមានតំបន់មួយចំនួនខ្វះខាត Internet ប្រើប្រាស់ព្រោះនៅតំបន់ដាច់ស្រយាល ដូចជា៖ ខេត្តរតនៈគិរី មណ្ឌលគិរី ជាដើម។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ថា សូមគ្រប់បណ្តាកងឯកភាព ទាំងអស់បង្កើត Page ផ្ទាល់ខ្លួនមួយដើម្បី ឲ្យមានភាពងាយស្រួល ក្នុងការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពខ្លួន៕