(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតស្បៀង ដែលជួបគ្រោះមហន្តរាយ ចំនួន២៥០គ្រួសារ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានធ្វើរបាយការណ៍សង្ខេបកន្លងមកនេះ នៃការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលដល់ការងារបង្កបង្កើនផល ធ្វើឲ្យទិន្នន័យស្រូវរដូវ វស្សាថយចុះ រដូវប្រាំងខ្វះទឹកបង្កបង្កើនផល បានធ្វើឲ្យប្រជាពលរដ្ឋខ្វះខាតស្បៀង ក្នុងពេលនេះពិសេសគ្រួសារចាស់ជរា គ្រួសារម៉េម៉ាយមានកូនច្រើន ក្នុងបន្ទុកគ្រួសារគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលបានទទួលអំណោយ មកពីក្រុងស្ទឹងសែន មានចំនួន២៥០ គ្រួសារមានប្រាំបីសង្កាត់។

លោក សុខ លូ បានថ្លែងសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ និងផ្តាំផ្ញើឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ ក្មេងតូចៗ ក្នុងនោះដែរបងប្អូន ត្រូវប្រុងប្រយ័ត្ន ពីបញ្ហាសុខភាពដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវជៀសវាង គ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ពាក់មួក សុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

លោកអភិបាលខេត្ត បានផ្តាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ប្រកបដោយភាពយកចិត្តទុកដាក់ ជួយទុក្ខធុរៈគ្នា នៅតាមភូមិ-ឃុំ អាជ្ញាធរត្រូវពិនិត្យមើល នូវចំណុចកង្វះខាត ដើម្បីរកដំណោះស្រាយរាល់បញ្ហាដែលមានកើតឡើង។ អាជ្ញាធរមូលដ្ឋានត្រូវធ្វើអំពើល្អ ជាគម្រូល្អដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្តមកលើ អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិ សាសន៍ ពណ៌សម្បុរ នោះឡើយ។

លោកថា ម៉្យាងវិញទៀត ត្រូវចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលកន្លងមកសម្តេច តែតែងយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋ ជាមួយនិងប្រទេសជាតិ ធ្វើឲ្យប្រទេសជាតិ មានសេចក្តីសុខរីកចំរើន និងមានសន្តិភាព។

សូមជម្រាបថា អំណោយដែលត្រូវចែកជូន ដល់ប្រជាពលរដ្ឋខ្វះខាត ចំនួន២៥០ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១យួរ និងបានប្រគេនព្រះសង្ឃគង្ស ក្នុងវត្តស្រយ៉ូវ អង្ករ៥០គីឡូក្រាម, មី២កេស, ទឹកសុទ្ធ២យួរ, ថវិកា៥០ម៉ឺនរៀលផងដែរ៕