(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា នយោបាយឈ្នះៗ ដែលបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នឹងមានតម្លៃគ្រប់ពេលវេលា គ្រប់ទីកន្លែង។
សម្តេចពិជ័យសេនា បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីបូកសរុបលទ្ធផលការងារក្រសួងការពារជាតិ ដែលបានអនុវត្តក្នុងឆ្នាំ២០១៧ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនោះ មានថ្នាក់ដឹកនាំ និងនាយទាហានជាច្រើនផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «នយោបាយឈ្នះៗ មានតំលៃគ្រប់ពេលវេលា គ្រប់ទីកន្លែង សូម្បីតែក្នុងជីវភាពប្រចាំថ្ងៃ! ដើម្បីគ្រប់គ្នារស់សុខសាន្តជាមួយគ្នា មិនមានអ្នកចាញ់!»។
សូមបញ្ជាក់ថា នយោបាយ «ឈ្នះ ឈ្នះ» គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយដែលសម្តេចតេជោ ហ៊ុន សែន បានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បីធ្វើឲ្យរលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើមនោះ។ នយោបាយ «ឈ្នះ ឈ្នះ» បានដាក់ចេញយុទ្ធសាស្ត្របីចំណុសំខាន់ៗ ក្នុងការធានាដល់សុវត្ថិភាព សម្រាប់កងទ័ពខ្មែរក្រហម៖ ទី១៖ ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ, ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាសន្តិ សុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។
នយោបាយ «ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដែលបានចាប់ផ្តើមឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ខណៈដែល អ៊ុនតាក់ ចំណាយទឹកប្រាក់អស់ប្រមាណ២០០០លានដុល្លារ តែមិនអាចបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជានោះឡើយ។ ការបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃជិត៣ទសវត្សរ៍នេះ បានធ្វើឲ្យកម្ពុជា ទទួលបានពន្លឺសន្តិភាពជាថ្មី និងធ្វើឲ្យកម្ពុជា ទទួលបានឱកាសអភិវឌ្ឍប្រទេសឲ្យឈានមករកការរីកចម្រើនដល់ពេលបច្ចុប្បន្ន។
តាមរយៈកិច្ចសម្ភាសន៍ជាមួយកងទ័ពខ្មែរក្រហមនាពេលកន្លងទៅពួកគេសុទ្ធបានបង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងចំពោះនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានយោបាយជួយឲ្យប្រទេសជាតិបញ្ចប់ភ្លើងសង្គ្រាមឆ្ពោះទៅរកការអភិវឌ្ឍ និងនាំឲ្យជីវិតរបស់ពួកគេ បានកាន់តែប្រសើរផងដែរ៕