(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី0១ ខែមករា ឆ្នាំ២០១៨នេះ បាននិមន្តព្រះសង្ឃចំនួន៥អង្គ ធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត ឡើងអគាររដ្ឋបាលថ្មី ក្នុងសាលាខេត្តពោធិ៍សាត់ និងដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងការគ្រប់គ្រងរដ្ឋបាលទូទាំងខេត្តភាគខាងលិចមួយនេះ ដែលជាសមិទ្ធផលថ្មីក្នុងឆ្នាំ២០១៨។
ពិធីឡើងអគារថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ៣ប្រភេទ និងមន្ត្រីរាជការគ្រប់ទីចាត់ និងគ្រប់ការិយាល័យ ចំណុះឲ្យរដ្ឋបាលសាលាខេត្តយ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន បានលើកឡើងថា ជាមួយនឹងការជួបជុំថ្នាក់ដឹកនាំ មន្ត្រីរាជការនាឱកាសនេះ គឺដើម្បីអបអរសាទរជោគជ័យនៃការងារធំៗ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានសម្រេចកិច្ចការបម្រើដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ក្នុងរយៈពេលមួយឆ្នាំមកនេះ។
លោកបានបន្ថែមថា ក្រោយពីនិមន្តព្រះសង្ឃ ធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត អគាររដ្ឋបាលថ្មីដែលទើបនឹងស្ថាបនារួចដ៏ល្អប្រណីតនេះរួចមក មន្ត្រីរាជការគ្រប់ទីចាត់ និងគ្រប់ការិយាល័យ ចំណុះឲ្យរដ្ឋបាលសាលាខេត្ត នឹងចាប់ផ្តើមចូលធ្វើការជាបណ្តោះអាសន្ន។ ដោយឡែក ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាចនឹងត្រូធ្វើឡើងនៅដើមឆ្នាំ២០១៨ ព្រោះថានៅមានហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមជាច្រើនទៀត ដែលពុំទាន់រួចរាល់។
លោកបានឲ្យដឹងថា ជាមួយគ្នានឹងអគាររដ្ឋបាលថ្មី លោក និងភរិយាក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន កាត់សម្លៀកបំពាក់ឯកសណ្ឋាន២ឈុត និងស្បែកជើង២គូ ជូនមន្ត្រីរាជការដែលបម្រើការងារ ក្នុងសាលាខេត្តពោធិ៍សាត់ផងដែរ។
លោកបានបន្ថែមថា នៅមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ដែលនឹងត្រូវធ្វើបណ្តើរៗនាពេលខាងមុខ ដូចជា ផ្ទះមុខងារគណៈអភិបាលខេត្ត ទំនប់បង្ហៀរក្បាលហុង ភ្លើងស្តុបផ្លូវលេខ១០១ (មុខស្ពានថ្មថ្មី) ផ្លូវថ្មើរជើងតាមមាត់ស្ទឹងជាដើម ដែលសមិទ្ធផលទាំងនេះ បានកើតមានឡើងដោយសារការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។
ជាក់ស្តែង អគាររដ្ឋបាលថ្មី នៃសាលាខេត្តពោធិ៍សាត់ គឺសម្រាប់ទុកជាប្រយោជន៍ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងសាធារណជនទូទៅ បានប្រើប្រាស់យូរអង្វែងទៅតាមរចនាបទខ្មែរសុទ្ធសាធ៕