Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរក្រុងបាវិត រៀបចំពិធីឆ្លងឆ្នាំសកល២០១៧-២០១៨ នៅមជ្ឈមណ្ឌលកំសាន្តហូមក្រោន ដោយមានការដាក់តាំងភ្លើងពណ៌ និងតុបតែងលម្អតាមដងផ្លូវ គួរជាទីគយគន់

02-01-2018 11:52

(ស្វាយរៀង)៖ អាជ្ញាធរក្រុងបាវិត បានរៀបចំពិធីអបអរសាទរឆ្លងឆ្នាំសកល ២០១៧-២០១៨ នៅមជ្ឈមណ្ឌលកំសាន្តហូមក្រោន ស្វីមីងផ្លេស និងរីសត នារាត្រីថ្ងៃឆ្លងឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយមានការដាក់តាំងភ្លើងពណ៌ និងតុបតែងលម្អតាមដងផ្លូវ គួរជាទីគយគន់។

លោក សេង សិលា អភិបាលក្រុងបាវិត បានថ្លែងដោយមោទនៈភាពថា រដ្ឋបាលក្រុងបាវិត មានការរីកចំរើនគួរឲ្យមោទនៈភាព មកដល់ឆ្នាំ២០១៧នេះ រួមមានវិស័យ សហគ្រាស ឧស្សាហកម្ម វេចនៈភ័ណ្ឌកាត់ដេរ កាស៊ីណូ ភោជ្ជនីដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ផ្សាររាត្រី រមណីយ៍ដ្ឋាន មណ្ឌលកំសាន្ត អាងហែលទឹក និងរីសត បង្កើតការងារឲ្យប្រជាពលរដ្ឋ កម្មករកម្មការនីរាប់ម៉ឺននាក់ បម្រើការងារនិងមានជីវភាព ក្នុងគ្រួសារល្អប្រសើរ។

អភិបាលក្រុងបាវិតបន្ដថា បានអុសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកំសាន្តរាប់ពាន់នាក់ ជាពិសេសនៅថ្ងៃបុណ្យឆ្លងឆ្នាំសកល ២០១៧-២០១៨នេះ គ្រប់ស្ថាប័ន ឯកជនទាំងអស់ ក្នុងក្រុងបាវិត បានរៀបចំពិធីឆ្លងឆ្នាំសកល ដោយមានដាក់តាំងភ្លើងពណ៌ ដើមឈើ គ្រឹះស្មាក់ តុបតែងលម្អតាមដងផ្លូវ និងនៅខាងមុខបរិវេនក្រុមហ៊ុន គួរជាទីគយគន់ ដ៏ត្រកាលក្នុងពេលរាត្រី។

លោក សេង សិលា ក៏បានកោតសរសើរ ដល់លោកអគ្គនាយកហូមក្រោនស្វីមមីងផ្លេស និងរីសត បានរៀបចំពិធីឆ្លងឆ្នាំសកល ឬខោនដោន ឆ្នាំ២០១៧-២០១៨ ហើយបានបើកឲ្យ មន្ត្រីរាជាការប្រជាពលរដ្ឋចូលរួមកំសាន្តហែលទឹកលេង ដោយមានប្រគុំតន្ត្រីបុរាណសម័យសម្តែងសិល្បៈ ធ្វើឲ្យពិធីរឹតតែអធឹកអធម្មរីករាយក្រៃលែង។

លោកបន្តទៀតថា នេះក៏ដោយសារប្រទេសជាតិ មានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ ហើយសុខសន្តិភាពនេះ គឺបានមកពីការខឹតខំប្រឹងប្រែង ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិ នាំមកសុខសន្តិភាពពេញលេញ។

អភិបាលក្រុងបាវិត បានបញ្ជាក់ថា ប្រទេសជាតិមានសុខសន្តិភាពនេះហើយ ដែលធ្វើឲ្យអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ មានជំនឿ និងទុកចិត្តលើរាជរដ្ឋាភិបាល បានមកដាក់ទុនរកស៊ី នៅប្រទេសកម្ពុជា ជាពិសេសក្រុងបាវិតនេះ ដូច្នេះត្រូវតែចូលរួមថែរក្សាសន្តិភាព ឲ្យបានគង់វង់ជាដាច់ខាត៕