(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យលោក​ សួន បវរ បានចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋ ដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងខេត្តភាគពាយ័ព្យមួយនេះ ធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មី នៅច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នេះតទៅ។

ការចេញប័ណ្ណព្រំដែនគំរូថ្មីនេះ ធ្វើបានសម្រាប់តែពលរដ្ឋទូទៅ ដែលមានទីលំនៅអចិន្ត្រៃយ៍នៅក្នុងខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ ដោយផ្អែកលើកិច្ចព្រមព្រៀងថ្មី ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ រវាងរដ្ឋាភិបាលកម្ពុជា ជាមួយរាជរដ្ឋាភិបាលថៃ ស្តីពីការឆ្លងកាត់ព្រំដែននៃភាគីទាំង២ ដើម្បីប្រើប្រាស់ប័ណ្ណព្រំដែននេះជាឯកសារផ្លូវការ សម្រាប់ប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ក្នុងតំបន់ព្រំដែន អាចប្រើប្រាស់នៅពេលចេញចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២។

គួរបញ្ជាក់ថា ប័ណ្ណព្រំដែនចាស់ ដែលដាក់ឲ្យប្រើប្រាស់កន្លងមក គឺធ្វើដោយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលការធ្វើនេះមានរយៈពេលច្រើនឆ្នាំមកហើយ ហើយសម្រាប់ឆ្នាំ២០១៨នេះ គឺប័ណ្ណព្រំដែនគំរូថ្មី ត្រូវបានបង្វែរមកធ្វើដោយរដ្ឋបាលខេត្តបន្ទាយមានជ័យវិញ ទៅតាមលក្ខខណ្ឌនៃក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាថៃ នៃប្រទេសថៃ។

លោក សួន បវរ បានថ្លែងថា ប័ណ្ណព្រំដែនគំរូថ្មី ដែលនឹងធ្វើឡើងដោយរដ្ឋបាលខេត្តបន្ទាយមានជ័យនេះ ត្រូវបានប្រជាពលរដ្ឋសង្ឃឹម និងជឿជាក់ថា ការធ្វើប័ណ្ណព្រំដែននឹងមានលក្ខណៈងាយស្រួលជាងការធ្វើប័ណ្ណព្រំដែន ​(Boder Pass) ដែលធ្វើដោយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិប៉ោយប៉ែត ហើយចំពោះតម្លៃប័ណ្ណព្រំដែនគំរូថ្មីនេះ គឺតាមការកំណត់ក្នុង១ក្បាល សម្រាប់ប្រជាពលរដ្ឋមានទីលំនៅអចិន្ត្រៃយ៍ក្នុងខេត្តបន្ទាយមានជ័យ តម្លៃ២ម៉ឺនរៀលតែប៉ុណ្ណោះ ក្នុង១ក្បាល។

បន្ថែមលើនេះទៀតនោះ គឺការធ្វើប័ណ្ណព្រំដែនសម្រាប់ឆ្លងទៅប្រទេសថៃ ឬថៃឆ្លងមកកម្ពុជា កន្លងមក មានភាពលំបាកណាស់ ដោយមានការកំណត់ឲ្យថតរូបធ្វើប័ណ្ណ ដើម្បីបិទភ្ជាប់ជាមួយសៀវភៅប័ណ្ណព្រំដែន ដែលការធ្វើនេះត្រូវតម្រង់ជួររង់ចាំធ្វើប័ណ្ណនៅខាងភាគីថៃ បើមិនដូច្នោះ ខាងភាគីថៃនឹងមិនអនុញ្ញាតឲ្យចូលនោះទេ៕