(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ លើគម្រោងអភិវឌ្ឍន៍ ពង្រីកនិងកែលម្អច្រាំង ទន្លេវ៉ៃគោផ្នែកខាងលិច ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីលើកកម្ពស់សោភ័ណទីក្រុង និងទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងឡើង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងលោកអភិបាលក្រុងស្វាយរៀង។
លោក ម៉ែន វិបុល បានថ្លែងថា ការអភិវឌ្ឍនិងកែលម្អច្រាំងទន្លេវ៉ៃគោនេះ គឺជាគម្រោងផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ខេត្ត ដើម្បីលើកកម្ពស់ សោភ័ណភាពក្នុងក្រុង និងបង្កើតនូវលំហទីក្រុងបៃតង សម្រាប់ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡា ដែលជាផ្នែកមួយចូលរួមចំណែក ក្នុងកិច្ចលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងជំរុញចលនាប្រឡងប្រណាំង ទីក្រុងស្អាត៕