(ហ្វីជី)៖ អាជ្ញាធរហ្វីជីនៅថ្ងៃអង្គារនេះបានបញ្ជាក់ឱ្យដឹងថា មនុស្សសរុប ៧០នាក់ បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៧ ហើយដែលនេះគឺជាតួលេខខ្ពស់បំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ សម្រាប់ប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហិ្វកមួយនេះ ដែលមានប្រជាជន ៩០០,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៧។
យោងតាមមន្ត្រីចរាចរណ៍ហ្វីជី លោក រូស៊ីអេត ទូដ្រាវូ (Rusiate Tudravu) គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសដីកោះនេះភាគច្រើន គឺបង្កឡើងដោយការបើកបរហួសល្បឿនកំណត់។ លោក Tudravu បន្ថែមថា ស្ថិតិខាងលើបានបង្ហាញយ៉ាងច្បាស់នៅអំឡុង ១៥ថ្ងៃ ដំបូងនៃប្រតិបត្តិការមួយឈ្មោះថា Operation Yalodei ដែលបានរកឃើញថា ការបើកបរហួស ល្បឿនកំណត់មានជាង ១,៧០០ករណី។ ប៉ុន្តែទន្ទឹមគ្នានោះដែរ លោកបានជំរុញឱ្យប្រជាជនហ្វីជី កុំផ្ដោតសំខាន់ថា មន្ត្រីចរាចរណ៍កំពុងរំខានដល់ការធ្វើដំណើររបស់ខ្លួន តែត្រូវយល់ថា ពួកគេកំពុងពង្រឹងច្បាប់ដើម្បីសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាជនហ្វីជីទាំងអស់តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមក្រសួងដឹកជញ្ជូនហ្វីជី គិតត្រឹមខែធ្នូ ឆ្នាំ២០១៦ ចំនួនយានយន្ដសរុបនៅក្នុងប្រទេសមាន ១១០,៧៦៣គ្រឿង និង ៧២ភាគរយ ជារបស់ឯកជន ១៦ភាគរយជាយានយន្ដពាណិជ្ជកម្ម និង ១០ភាគរយ ជាយានយន្ដរដ្ឋ៕