(ភ្នំពេញ)៖ ចាប់តាំងពីយប់ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០១៨ រហូតដល់ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបើកយុទ្ធនាការឃាត់រថយន្ត ម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូ សរុបជាង២០០គ្រឿង ដែលជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ។
លោកវរសេនីយ៍ទោ ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោគ បានបញ្ជាក់ឲ្យដឹងថា «គិតមិនដល់ព្រឹកថ្ងៃនេះ គឺមានរថយន្ត ម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូជាង២០០គ្រឿងហើយ ដែលម្ចាស់បើកបរល្មើសច្បាប់ ដោយពួកគាត់បានធ្វើដំណើរពី មាត់ទន្លេតាមផ្លូវសុរាមឬទ្ធិ មុខផ្ទះសម្តេចតេជោនាយករដ្ឋមន្ត្រី រួចបត់ឆ្វេងបញ្ច្រាសទៅផ្លូវព្រះសីហនុវិញ ទើបសមត្ថកិច្ចនគរបាល សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះ អនុវត្តន៍ច្បាប់ ដោយធ្វើការឃាត់ទុក រង់ចាំដោះស្រាយតាមនីតិវិធី»។
លោកវរសេនីយ៍ទោ ប៉ែន ឃុន បានបញ្ជាក់ថា ការចុះអនុវត្តន៍ច្បាប់ចរាចរណ៍នេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ ជៀសវាងជួបគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ៕