(ភ្នំពេញ)៖ ជាសារនយោបាយស្វាគមន៍សម្រាប់ឆ្នាំថ្មី២០១៨នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សបក្សកាន់អំណាច បានព្រមានថា អតីតគណបក្សប្រឆាំង កុំសង្ឃឹមថាអាចត្រឡប់ចូលឆាកនយោបាយកម្ពុជាវិញឱ្យសោះ ខណៈដែលការបោះឆ្នោតនៅឆ្នាំ២០១៨នេះ នឹងនៅតែបន្តធ្វើឡើងតាមការកំណត់។
ការព្រមានរបស់ មន្រ្តីនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ បានធ្វើឡើងក្រោយពេលលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ បានបង្ហោះសារស្វាគមន៍ឆ្នាំថ្មី ដោយអះអាងថា អតីតគណបក្សសង្គ្រោះជាតិ នឹងដំណើរការឡើងវិញជាប្រក្រតី ហើយនឹងចូលរួមក្នុងការបោះឆ្នោតឆ្នាំ ២០១៨នេះតែម្តង។
លោក សុខ ឥសាន បានចាត់ទុកសារនយោបាយរបស់មេដឹកនាំអ្នកប្រឆាំងក្រៅច្បាប់នេះថា ជាសារកេងចំណេញនយោបាយ ក្នុងឱកាសឆ្នាំថ្មី ដេីម្បីបោកប្រាស់ បន្លំនិងបំភាន់មតិសាធារណៈជាតិនិងអន្តរជាតិ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងឆ្នាំថ្មី ២០១៨ នេះ គ្មានទេការវិលត្រឡប់មកវិញនៃរបស់ដែលបានស្លាប់ទៅហេីយនោះ កុំសង្ឃឹមឲ្យសោះ។ នៅឆ្នាំ ២០១៨ ការបោះឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នៅតែប្រព្រឹត្តទៅតាមកាលបរិច្ឆេទដែលបានកំណត់ គ្មានការប្រែប្រួលឡេីយ ទោះបីអវត្តមានគណបក្សមួយណាក៏ដោយ»។
លោក សុខ ឥសាន បានបន្តទៀតថា កម្ពុជាដែលកំពុងពោរពេញដោយសន្តិភាពពេលនេះ អត់មានវិបត្តិនយោបាយទេ ដូច្នេះគ្មានទេការចរចានយោបាយ។ ការចង់បញ្ចុះបញ្ចូលចង់ឲ្យមានការចរចានយោបាយ ដេីម្បីដោះលែងអ្នកនយោបាយជាប់ទោស មិនអាចមានជាដាច់ខាត។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលកម្ពុជា បានចេញសេចក្តីសម្រេចរំលាយចោល នៅទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ព្រមទាំងហាមឃាត់មន្រ្តីបក្សនេះ១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ បន្ទាប់ពីតុលាការរកឃើញថា អតីតគណបក្សសង្រ្គោះជាតិ មានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕