(សៀមរាប)៖ នៅរៀងរាល់បណ្តាឆ្នាំ ក្រុងបុរាណវប្បធម៌ប្រវត្តិសាស្រ្តខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលជាទឹកដីនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ដែលជាសំណង់សត្យកម្មស្នាដៃឯក ដែលបន្សល់ទុកពីបុព្វបុរសខ្មែរយើង ដែលពោរពេញទៅដោយ រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ បានក្លាយជាគោលដៅភ្ញៀវទេសចរលើពិភពលោក ចូលមកទស្សនាកម្សាន្ត និងតែងតែបានត្រៀម និងរៀបចំទទួលអបអរសាទរ ស្វាគមន៍ចំពោះវត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមទាំងភ្ញៀវជាធុរៈជនបរទេសរាប់សែននាក់ ដើម្បីចូលរួមប្រារព្ធបុណ្យចូលឆ្នាំសាកល២០១៨។
នៅក្នុងសកម្មភាពនៃរាត្រីនាឱកាសបុណ្យឆ្លងឆ្នាំសាកល ២០១៧ ឈានចូលឆ្នាំ២០១៨នៅក្រុងសៀមរាប ក៏មានមោទនភាពក្រៃលែង ដែលបានទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរអន្តរជាតិឆ្លងប្រទេស និងឆ្លងទ្វីប មកពីបណ្តាប្រទេសជិតឆ្ងាយនៅលើពិភពលោកមកជួបជុំគ្នា ដើម្បីទទួលការសប្បាយរីករាយ ជាមួយនឹងការទទួលយកនូវសុភមង្គលថ្មី ឆ្នាំថ្មី ឆ្នាំ២០១៨។ នារាត្រីថ្ងៃទី៣១ធ្នូនេះ ការជួបជុំរបស់ភ្ញៀវទេសចរ ស្ទើរគ្រប់ទិសទីក្នុងក្រុងសៀមរាប ដែលក្នុងនោះទីតាំងដែលត្រូវបានប្រារព្វរាត្រីឆ្លងឆ្នាំ គឺនៅតាមបណ្តាសណ្ឋាគារនានា ចាប់ពីផ្កាយ៣ ដល់លំដាប់ផ្កាយ៥ និងភោជនីយដ្ឋាន រួមទាំងនៅតាមក្រុមហ៊ុនលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក៏បានរៀបចំធ្វើការជួបជុំបងប្អូន ញាតមិត្តអបអរសាទឆ្នាំសកលនេះផងដែរ។
ក្នុងនោះដែរអាជ្ញាធរខេត្តសៀមរាប ក៏បានរៀបចំតុបតែងលម្អ ដោយភ្លើងចម្រុះគ្រប់ព័ណ៌នៅតាមដងផ្លូវធំៗ ស្ពាន និងសួនច្បារ ដើមី្បលើកសម្រស់សោភណ្ឌភាពក្រុងបុរាណប្រវត្តិសាស្ត្រ និង ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទស្សនាកម្សាន្ត។ និយាយដោយឡែក សម្រាប់ការណាត់ជួបដ៏ធំបំផុត របស់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងរាត្រីឆ្លងឆ្នាំនេះ គឺនៅក្នុងតំបន់ផ្សារចាស់ ផាប់ស្ទ្រីប និងសួនច្បារមហាសណ្ឋាគារអង្គរ ដែលមានក្រុមមនុស្សដ៏កកកុញ បានជួបជុំគ្នារាំលេងកំសាន្ត កំដរបរិយាកាសរង់ចាំវិនាទីចុងក្រោយ សម្រាប់ការចូលឆ្នាំថ្មី ២០១៨។
ក្នុងរាត្រីនោះដែរ ក៏មានវត្តមានអញ្ជើញចូលរួមរបស់លោកបណ្ឌិត នូ ផល្លា និងលោកឃឹម ប៊ុនសុង និងលោកស្រី រួមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក៏បានចូលរួមក្នុង ពីធីសាទរចូលឆ្នាំសកល ២០១៨នេះផងដែរ។
តាមការបញ្ជាក់របស់លោក ឃឹម ប៊ុនសុង ក្នុងឱកាសនារាត្រីថ្ងៃឆ្លងឆ្នាំបានឲ្យដឹកថា ទោះបីមានការឃោសនារបស់ជនក្បត់ជាតិមួយចំនួន មានបំណងចងបំផ្លាញនូវសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក៏ដោយ កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត ក្រៅខេត្ត ក្នុងឱកាសឆ្លងឆ្នាំសកលនៅខេត្តសៀមរាប ដែលបានអញ្ជើញចូលមកទទួលសាទរថ្ងៃចូល ឆ្នាំសកល២០១៨នេះ មានចំនួនកើនឡើងច្រើនជាងឆ្នាំមុខ។
បើអភិបាលខេត្តសៀមរាប មានភ្ញៀវទេសចរបរទេស ក្នុងឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន ហើយចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងធានានូវសុវត្ថិភាពជូនដល់ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះផងដែរ។ តែនៅចំណោទជាបញ្ហាការកកស្ទះចរាចរណ៍ ដោយស្ថានភាពផ្លូវក្នុងក្រុង មានការតូចចង្អៀត មិនអាចធានាបាននូវកំណើននៃយានយន្តឡើយ។
ប្រការដ៏ជាក់ច្បាស់ខាងលើ គឺជាកត្តាបង្ហាញថា ពីសុខសន្តិភាព នៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបង្កើតឡើងនូវបរិយាកាសសង្គមមួយ ដែលជាជោគជ័យនៃការរើបម្រះរបស់មនុស្សជាតិ ចាកចេញពីការប្រកាន់ពូជសាសន៍ ពណ៌សម្បុរនៃពិភពលោក ហើយក៏ជាការកត់សម្គាល់កាន់តែប្រសើរថែមទៀតនោះ គឺការបង្ហាញពិភពលោកឲ្យឃើញថាប្រទេសកម្ពុជា គឺជាសមុទ្របេះដូង គ្មានការរើសអើងពូជសាសន៍ និងសាសនា ព្រមទាំងជាពិភពដ៏សុខក្សេមក្សាន្តនៃមនុស្សជាតិ ហើយក៏ជាការបង្ហាញពីសិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្រោមដំបូលសន្តិភាព។
សូមជម្រាបថា សម្រាប់ខេត្តសៀមរាបនេះផងដែរ កងកម្លាំងសមត្ថកិច្ចបានរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាក់ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានអញ្ជើញមកទស្សនាកំសាន្តក្នុងក្រុងសៀមរាប នាឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល បានល្អប្រសើរ។
ជាមួយគ្នានោះដែរ មានភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៣៣៣,០៨៥នាក់ មានការកើនឡើង៧៤,៩១% ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣៣,០៨៥ នាក់ មានការកើនឡើង៩.៣៨% និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ៣០ម៉ឺននាក់ មានការកើនឡើង៧៦.៤៧%៕