(ភ្នំពេញ)៖ គិតចាប់ពីម៉ោង០០៖០០នាទី ចូលឆ្នាំថ្មី២០១៨ រហូតដល់ម៉ោង១០ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ មានកម្មការិនីបានសម្រាលកូនចំនួន២៨នាក់ ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តាមរយៈបេឡជាតិសន្តិសុខសង្គម (បសស) ឧបត្ថម្ភថវិកាសរុបអស់ចំនួន១១លាន២សែនរៀល នេះបើយោងតាមលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។
ការឧបត្ថម្ភនេះបានបង្ហាញពីការចាប់ផ្តើមអនុវត្តកម្មវិធីបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មករនិយោជិតជាស្រ្តី ទាំងក្នុងនិងក្រៅប្រពន្ធពេលសម្រាលកូន។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ឧបត្ដម្ភថវិកាដល់កម្មការិនីឆ្លងទន្លេចំនួន៤០ម៉ឺនរៀល សម្រាប់អ្នកកើតបានកូនម្នាក់, ចំណែកអ្នកកើតបានកូនភ្លោះពីរនាក់ ទទួលបាន៨០ម៉ឺនរៀល និងសម្រាប់អ្នកកើតបានកូនភ្លោះបី ១,២០០,០០០រៀល ដែលគោលនយោបាយនេះ ចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។ រាជរដ្ឋាភិបាល បានត្រៀមបម្រុងចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ចំណាយប្រាក់ឧបត្ថម្ភដល់កម្មការិនីឆ្លងទន្លេ។