(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១នេះ បានយាងរៀបចំពិធីសូត្រមន្ត និងរាប់បាត្រព្រះសង្ឃប្រមាណ១០០អង្គ ដើម្បីថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុ ព្រមទាំងព្រះវិញ្ញាណក្ខន្ធ របស់អតីតព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្សដទៃទៀត។
កម្មវិធីនេះ គឺបានប្រារព្ធធ្វើឡើង នៅព្រះវិហារព្រះកែវមរកត នៃព្រះបរមរាជវាំង ដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្សហ្វ៊ុនស៊ិនប៉ិច ជាច្រើនទៀត ហើយកម្មវិធីនេះក៏ធ្វើឡើងដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០១៨នេះដែរ។
មានបន្ទូលប្រាប់ដល់អ្នកសារព័ត៌មាន ក្រោយពីពិធីនោះ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិបានលើកឡើងថា ការដែលប្រារព្ឋពិធីនេះ ឡើងដើម្បីនាំកុសលផលបុណ្យ ថ្វាយដល់អតីតព្រះមហាក្សត្រ និងបុព្វបុរសដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិនាពេលកន្លងមក ហើយការធ្វើនេះ ក៏ស្របទៅតាមទំលៀមទំលាប់ ព្រះពុទ្ធសាសនាផងដែរ។
សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានមានបន្ទូលទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច តែងតែធ្វើពិធីរាប់បាត្រ ដល់ព្រះសង្ឃជារៀងរាល់ឆ្នាំ ហើយការធ្វើនេះ គឺដើម្បីលើកកម្ពស់នូវព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាយើងចាត់ទុកជា សាសនារបស់រដ្ឋនោះ។ ជាមួយគ្នានោះដែរ សម្តេចក្រុមព្រះ ក៏បានធ្វើពិធីបួងសួង នៅព្រះវិហារ ព្រះកែវមរកត សុំសេចក្តីសុខជូនដល់ប្រជាជន និងប្រទេសជាតិទាំងមូលផងដែរ ខណៈព្រះអង្គថា នាពេលបច្ចុប្បន្នប្រទេសជាតិកម្ពុជាកំពុង មានសេចក្តីសុខ និងសន្តិភាពនោះ។
សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានមានបន្ទូលទៀតថា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ស្រលាញ់សុខសន្តិភាព ខណៈមានសន្តិភាព នឹងធ្វើឲ្យប្រទេស មានការអភិវឌ្ឍបានកាន់ តែលឿនបន្ថែមទៀត។
តែយ៉ាងណាក្តី នៅក្នុងពិធីបូងសួង និងសូត្រមន្ត រាប់បាត្រនេះ ព្រះអង្គក៏បានធ្វើការឧទ្ទិសដល់ព្រះវិញ្ញាណខន្ធ អតីតព្រះមហាវីរក្សត្រ ឲ្យនាំចិត្តអ្នកនយោបាយខ្មែរទាំងអស់ បង្រួបបង្រួម និងសាមគ្គីគ្នា ដើម្បីជាធ្លុងមួយកសាងប្រទេសជាតិឲ្យ កាន់តែមានការអភិវឌ្ឍខ្លាំងក្លាបន្ថែមទៀតផងដែរ៕