(សៀមរាប)៖ ពេញ១ឆ្នាំ២០១៧ ដែលទើបតែកន្លងផុតទៅនេះ ប្រាសាទអង្គររកចំណូលចូលថវិកាជាតិជាង១០៧លានដុល្លារ កើនឡើង៧២ភាគរយ បើធៀបនឹងឆ្នាំ២០១៦។
របាយការណ៍ផ្លូវការ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់ប័ណ្ណទស្សនា រមណីយដ្ឋានអង្គរ ប្រចាំឆ្នាំ២០១៧ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅពេញ១ឆ្នាំ ២០១៧ ភ្ញៀវទេសចរបរទេសចំនួន ២,៤៥៧,០២៣នាក់ បានចូលទស្សនាតំបន់អង្គរ កើនឡើង១១.៨២ភាគរយ ទទួលបានចំណូលចំនួន ១០៧,៩៧៦,៤៣៩ដុល្លារ កើនឡើង៧២.៥៤ភាគរយ។
របាយការណ៍ដដែលបញ្ជាក់ថា រយៈពេល១១ខែ ចាប់ពីខែកុម្ភៈ ដល់ ខែធ្នូ ឆ្នាំ២០១៧ ចំណូលដែលបានពីការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរ ចំនួន៤,៣៣៩,៩៦៤ដុល្លារ ត្រូវបានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា។
ស្ថិតិចំនួនភ្ញៀវទេសចរ និងចំណូលដែលទទួលបានពីការលក់ប័ណ្ណ ចូលទស្សនាអង្គរនេះ សបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងថ្លៃចូលទស្សនាតំបន់អង្គរ សម្រាប់ជនបរទេសក្តី ក៏ភ្ញៀវទេសចរ នៅតែបន្តសម្រុកមកទស្សនាអង្គរដដែល មិនមានការស្រកស្រុតឡើយ។
សូមជម្រាបថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៧មក ប័ណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានដំឡើងថ្លៃ និងបែងចែកជា៣ប្រភេទ៖
១៖ ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ។
២៖ ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
៣៖ ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ។
អ្វីដែលពិសេសនោះ ថវិកាដែលទទួលបានពីលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរក្នុង១សន្លឹកត្រូវដកចំនួន២ដុល្លារ បង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់កុមារកម្ពុជា៕