(កំពង់ចាម)៖ ដើម្បីជាការចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជំនះជាប្រវត្តិសាស្ត្រ ថ្ងៃ៧មករា (០៧.០១.១៩៧៩-០៧.០១.២០១៨) និងក្នុងយុទ្ធសាស្ត្រជួយជម្រុញ និងលើកកំពស់ផលិតផលក្នុងស្រុក ឲ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយផងនោះ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ដោយមានការឯកភាព និងទទួលបានការអនុញ្ញាត ពីសំណាក់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានរៀបចំពិព័រណ៍ផលិតផលខ្មែរ ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅជិតមាត់ទន្លេ ក្រោយមន្ទីរវប្បធម៌ ខេត្តកំពង់ចាម។
ការរៀបចំពិព័រណ៍នេះ គឺក្នុងគោលបំណង ឲ្យមហាជនទូទៅងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ឲ្យបានច្រើន និងជួយឲ្យទំនិញដែលផលិតនៅកម្ពុជា អាចមានលទ្ធភាពប្រកួតប្រជែង ជាមួយនឹងទំនិញនាំចូល ពីបរទេស។ ជាពិសេសទៅទៀត ជួយបង្កើតការងារ លើកកំពស់សេដ្ឋកិច្ចប្រជាជន និងប្រទេសជាតិទាំងមូលតែម្ដង។ក្នុងរយៈពេល៤យប់ នៃពិធីពិព័រណ៍នេះ ក៏មានការប្រគំតន្ត្រី ដែលឧបត្ថម្ភដោយ លីហួរវេលុយ, ឆ្នោត Kpw, ភេសជ្ជៈ kmen និងមានការសហការឧបត្ថម្ភ ពីក្រុមហ៊ុនផ្សេងៗ ជាច្រើនទៀត ផងដែរ។
អ្វីដែលកាន់តែពិសេសនោះ ព្រឹត្តិការណ៍នេះ គឺមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានដូចជា កញ្ញា យូរី, កញ្ញា វីតា, លោក សាន ផានិត, លោក ពេជ្រ ថាណា និងមានការប្រឡងសិល្បៈសម័យ ដើម្បីដណ្តើមយកពានរង្វាន់ «THE BEST DANCER CONTEST 2018» ផងដែរ។ សូមទំនាក់ទំនងដាក់ពាក្យ តាមរយៈលេខ ០៨១ ៩៤ ២២ ៣៣/០៦១ ៣៣៣ ៩៤៣។ ដោយឡែកចំពោះព័ត៌មានបន្ថែមផ្សេងៗទៀត សូមទំនាក់ទំនង តាមរយៈលេខ ០១២ ៩៧ ៤៤ ៧៦៕