(ភ្នំពេញ)៖ មានសាធារណជន និងទស្សនិកជន ដែលជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងទេសចរជាតិ-អន្តរជាតិ រាប់ម៉ឺននាក់ បានរីករាយទស្សនាតន្ត្រីឆ្លងឆ្នាំ ធំបំផុតចំនួន២ ដែលរៀបចំឡើងដោយណាហ្គាវើលដ៍ នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០១៨។
ការប្រគំតន្ត្រីទីមួយ ត្រូវបានធ្វើឡើងនៅសាលមហោស្រព NABA នៅណាហ្គាទី២ និងមួយទៀត ធ្វើឡើងនៅសួនច្បារសម្តេច ហ៊ុន សែន ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀង ជួរមុខប្រចាំកម្ពុជា និងអ្នកសម្តែងអន្តរជាតិប្រចាំណាហ្គាវើលដ៍ផងដែរ។ ការប្រគំតន្ត្រីឆ្លងឆ្នាំដ៏ពិសេសនេះ ត្រូវបានផ្តល់កិត្តិយសចូលរួមជាអធិបតីដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនទៀតផង។
តន្ត្រីឆ្លងឆ្នាំ ដែលធ្វើនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដែលមាន២,០០០កៅអីនេះ ចូលរួមសម្តែងដោយកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា, មាស សុខសោភា និងទេព បូព្រឹក្ស ហើយណាហ្គាវើលដ៍ បានចែកជូនសំបុត្រដើម្បីឲ្យពុកម៉ែបងប្អូនបានចូលរួមរីករាយដោយសេរី។
តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនៅសាលមហោស្រព NABA នៅណាហ្គាទី២ ដែលមានរយៈពេល៩០នាទីនេះ មានការសម្តែងបទចម្រៀងដែលមានការពេញនិយមកាលពីរបីទសវត្សរ៍មុន និងបទចម្រៀងសម័យបច្ចុប្បន្នផងដែរ។ អ្វីដែលអស្ចារ្យផងដែរនោះ គឺមានការចាក់បញ្ចាំងរូបភាពវីដេអូ 3D-mapping ដោយម៉ាស៊ីនបញ្ចាំង ដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ និងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។
ភាពរីករាយ បានបន្តកាន់តែខ្លាំងនៅក្នុងតន្ត្រីឆ្លងឆ្នាំដ៏មហស្ចារ្យនៅសួនច្បារសម្តេច ហ៊ុន សែន ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងជួរមុខ ព្រាប សុវត្ថិ សិល្បករ-សិល្បការិនី ប្រចាំណាហ្គាវើលដ៍ដែលរួមមានអ្នកលេងភ្លេង អ្នកចម្រៀង អ្នករាំ និងអ្នកសម្តែងសៀករហ័សកម្ម។ មិនតែប៉ុណ្ណោះ ក៏មានវត្តមានរបស់កញ្ញា សួស វីហ្សា ក្រុមក្មេងខ្មែរ ព្រមទាំងពិធីករ-ពិធីការិនីល្បី ឈ្មោះ ជា វណ្ណារិទ្ធ និង ហ៊ិន ចាន់នីរ័ត្ន ព្រមទាំងមានហ្គេមកម្សាន្ត ចន្លោះការសម្តែងនីមួយៗ ដែលពុកម៉ែបងប្អូនបានឈ្នះរង្វាន់ធំជាច្រើនទៀតផង។
ភាពសប្បាយរីករាយបំផុតនេះ បានបន្តរហូតដល់វិនាទីទី១ នៃឆ្នាំថ្មី ដោយមានការរាប់ថយក្រោយ ការបាញ់កាំជ្រួច និងការបញ្ចាំងភ្លើង LED ដ៏មហស្ចារ្យជុំវិញណាហ្គាទី២ ដែលមានពន្លឺ ភ្លើងរត់ជុំវិញអាគារដ៏ទាក់ទាញ និងលេចធ្លោក្នុងរាជធានីភ្នំពេញ ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០១៨ ជាមួយទស្សនិកជន ក៏ដូចជាប្រជាជនក្នុងប្រទេសកម្ពុជា និងពិភពលោកផងដែរ។
សូមជម្រាបថា ណាហ្គាវើលដ៍ មានកន្លែងស្នាក់នៅ កម្សាន្ត ស្រស់ស្រូប ទិញទំនិញ និងស៉្បានៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក។ ណាហ្គាវើលដ៍ភ្នំពេញ គឺជាសណ្ឋាគារ និងមណ្ឌលកម្សាន្តចម្រុះឈានមុខគេក្នុងប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់អន្តរជាតិជាច្រើន ក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។
ណាហ្គាវើលដ៍ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខប ដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង (លេខកូដភាគហ៊ុន ៣៩១៨)។
ជាមួយការពង្រីកបន្ថែម ថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១,៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ។
សេវាកម្សាន្តសម្បូរបែប រួមមានសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ និងជាសណ្ឋាគារដែលមានសាលសន្និបាតធំជាងគេក្នុងប្រទេសកម្ពុជា ដែលអាចទទួលប្រតិភូច្រើនជាង ១,០០០ នាក់ និងសាលមហោស្រព NABA នៅណាហ្គាទី២ ដែលមាន២,០០០ កៅអី៕
កំពូលតារាចម្រៀង ម៉េង ពេជ្ជតា មាស សុខសោភា និងទេព បូព្រឹក្ស សម្តែងរួមគ្នានៅសាលមហោស្រពថ្មីស្រឡាង NABA នៅណាហ្គាទី ២
ព្រាប សុវត្ថិ សម្តែងក្នុងតន្ត្រីឆ្លងឆ្នាំបំផុតរៀបចំដោយណាហ្គាវើលដ៍នៅសួនច្បារសម្តេច ហ៊ុន សែន
មានសាធារណជនរាប់ម៉ឺននាក់ រីករាយក្នុងតន្ត្រីឆ្លងឆ្នាំរបស់ណាហ្គាវើលដ៍
ពន្លឺភ្លើង LED ដ៏មហស្ចារ្យនៅណាហ្គាវើលដ៍ និងណាហ្គាទី ២ បង្កើនសោភ័ណភាពរាជធានីភ្នំពេញកាន់តែស្រស់ស្អាត