(ភ្នំពេញ)៖ តារាសម្ដែងស្រីសិចស៊ី កញ្ញា ដេននី ក្វាន់ បន្ទាប់ពីចូលខ្លួនមកបកស្រាយ ឲ្យទស្សនិកជនបានជ្រាប តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV និង Fresh News Radio នាល្ងាចថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះរួចមក នាងបានរៀបរាប់ពីបញ្ហាជីវិតលើវិស័យសិល្បៈ ជាច្រើន រហូតធ្លាយដល់រឿង ស្នេហា និងការជ្រើសរើសគូស្រករទៀតផង ខណៈបច្ចុប្បន្ននេះ នាងត្រូវបានគេដឹងថា មានម្ចាស់បេះដូងបាត់ទៅហើយ។ ទោះជាយ៉ាងណាក្តី នាងបានទម្លាយថាបុរសដែលទាក់ទងសុំស្នេហ៍នាងភាគច្រើនសុទ្ធសឹងតែជាមន្ត្រីធំៗ និងមានអាយុច្រើន ដែលអាចធ្វើជាប៉ារបស់នាងបាន។
តារាស្រីសាច់សខ្ចីដូចបណ្ដូលចេក កញ្ញា ដេននី ក្វាន់ បានថ្លែងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ប្រាប់ឲ្យដឹងថា «ចា បង! តាំងពីលេងសង្គមហ្វេសប៊ុក និងបង្ហាញការស្លៀកពាក់សិចស៊ីមក មានអ្នកសុំស្នេហ៍តាមហ្វេសប៊ុកជាច្រើន ដែលគាត់ឆាតមកសួរថា មានគូកំណាន់ចិត្តហើយឬនៅ? ដោយក្នុងនោះ ភាគច្រើនសុទ្ធតែនៅក្រៅប្រទេស និងក្នុងប្រទេសភាគច្រើនសុទ្ធតែជាមន្ត្រីចាស់ៗ ដែលមានឋានៈជារាជការ អ្នកជំនួញជាដើម ប៉ុន្តែយ៉ាងណានោះខ្ញុំមិនទាន់គិតរឿងហ្នឹងទេ ព្រោះយើងសិចស៊ីអញ្ចឹងខ្លាចគេមិនស្រឡាញ់»។
តារាស្រីមុខមានមន្តស្នេហ៍ ដេននី ក្វាន់ បានថ្លែងបន្តថា «រាល់ការឆាតមក ពេលខ្លះខ្ញុំចាប់អារម្មណ៍ដែរ គ្រាន់ថាបានត្រឹមតែចាប់អារម្មណ៍ ប៉ុន្តែមិនហ៊ានប្រាថ្នា ព្រោះឋានៈគេខ្ពស់ ណាមួយខ្លាចគេមានគ្រួសារហើយ ព្រោះចំពោះបុរសដែលមានគូហើយ គឺមិនហ៊ានពាក់ព័ន្ធតែម្ដង»។
អ្វីដែលពិសេសជាងនេះ គឺ កញ្ញា ដេនី ក្វាន់ បានបញ្ជាក់ថា «ភាគច្រើនខ្ញុំមិនចូលចិត្តស្រឡាញ់បុរសដែលមានវ័យស្រករគ្នានោះទេ គឺចូលចិត្តបុរសដែលមានវ័យចាស់ជាង ព្រោះចាស់ចេះថ្នម»។
គួរបញ្ជាក់ថា កញ្ញា ដេននី ក្វាន់ បច្ចុប្បន្ននេះ មានម្ចាស់បេះដូងហើយ ដោយគូស្នេហ៍របស់នាង ត្រូវបានទស្សនិកជនដឹងថាមានឈ្មោះ លោក ចាន់ មករា ហើយក្រៅពីអាជីពជាអ្នកសិល្បៈ កញ្ញា ដេននី ក្វាន់ មានមុខរបរផ្ទាល់ខ្លួន គឺលក់ផលិតផលលេតាមបណ្ដាញហ្វេសប៊ុក និង លក់ឡាន៕