(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចថា ក្នុងរាត្រីឆ្លងឆ្នាំសកលឆ្នាំ២០១៨ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និងអ្នកទេសចរបរទេសផងដែរ បានលេងកម្សាន្តសប្បាយរីករាយក្រៃលែងទាំងក្នុងរាជធានីភ្នំពេញ និងតាមរមណីយដ្ឋាននានានៅតាមបណ្តាខេត្ត។
បើតាមសម្តេចតេជោ ហ៊ុន សែន ភាពសប្បាយរីករាយទាំងអស់នេះកើតមានដោយសារតែកម្ពុជាមាន «សុខសន្តិភាព» ពេញលេញ ដែលនាំឲ្យការលេងកម្សាន្តរបស់ប្រជាពលរដ្ឋមិនមានការព្រួយបារម្ភនោះឡើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទួចឲ្យពលរដ្ឋទាំងអស់បន្តរួមគ្នារក្សា «សុខសន្តិភាព» មួយនេះ។
សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ពិតណាស់សន្តិភាព បានផ្តល់ឱកាសកាន់តែច្រើនឡើងដល់ពលរដ្ឋក្នុងការចូលរួមប្រារព្ឋពិធីបុណ្យជាតិ និងអន្តរជាតិនានា ទោះបីនៅពេលយប់ឬពេលថ្ងៃដោយគ្មានការភ័យខ្លាចឡើយ។ យើងរួមគ្នាបន្តការពារសន្តិភាព និងថែរក្សាស្ថេរភាពនយោបាយសង្គមឲ្យបានល្អ ដើម្បីជំរុញការអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន»។
ដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើរនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលដើរលេងកម្សាន្តនៅតំបន់នានា ឲ្យបើកបរមានការប្រុងប្រយ័ត្ន អធ្យាស្រ័យ និងយោគយល់ខ្ពស់ ហើយមិនត្រូវបើកវ៉ាប្រជែងក្នុងផ្លូវតូចចង្អៀត និងតំបន់ទីប្រជុំជនដែលមានមនុស្សឆ្លងកាត់ច្រើន។
ជាមួយការឈានចូលឆ្នាំថ្មីឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកូនក្មួយយុវជនយុវតី សិស្សានុសិស្ស ព្រមទាំងកម្មករកម្មការនីទូទាំងប្រទេស ជួបតែសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ សុខភាពល្អ និងមានលាភសំណាងល្អគ្រប់ៗគ្នា ចាប់ពីថ្ងៃចូលឆ្នាំសកលថ្មី២០១៨ នេះតទៅកុំបីខាន។
ជាការកត់សម្គាល់នៅក្នុងរាត្រីឆ្លងឆ្នាំ គេសង្កេតឃើញថាទាំងនៅក្នុងរាជធានីភ្នំពេញ និងរមណីយដ្ឋានទេសចរណ៍នានា ជាពិសេសបណ្តាខេត្តគោលដៅទេសចរណ៍ដូចជាសៀមរាប ព្រះសីហនុ កែប និងកំពតជាដើមនោះ មានប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត ជួបជុំក្រុមគ្រួសារអង្គុយរង់ចាំឆ្លងឆ្នាំយ៉ាងច្រើនកុះករ៕