Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាត្រីឆ្លងឆ្នាំសកលខេត្តកែប ទទួលបានអ្នកទេសចរជាង ១០ម៉ឺននាក់ តែកើតឧប្បត្តិហេតុឆេះកាំជ្រួច បណ្តាលឲ្យរបួស ៨នាក់

01-01-2018 08:33

(កែប)៖ មិនខុសពីបណ្តាខេត្តគោលដៅទេសចរណ៍ដូចជាសៀមរាប និងព្រះសីហនុនោះឡើយ នៅក្នុងខេត្តកែប ដែលជាខេត្តទេសចរណ៍តំបន់ឆ្នេរនៅរាត្រីឆ្លងឆ្នាំសកល ទទួលបានការអញ្ជើញចូលរួមលេងកម្សាន្ត និងរង់ចាំឆ្លងឆ្នាំពីអ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

របាយការណ៍ពីស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល បានឲ្យដឹងថា អ្នកទេសចរដែលទៅរង់ចាំឆ្លងឆ្នាំនៅក្នុងខេត្តកែបនាយប់មិញនេះ មានរហូតដល់ទៅជាង ១០ម៉ឺននាក់។

សម្រាប់សន្តិសុខទូទៅមិនមានអ្វីនាំឲ្យរំខានដល់ការលេងកម្សាន្តរបស់អ្នកទេសចរនោះឡើយ។ តែអ្វីជាការសោកស្តាយនោះ គឺនៅវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មានឧប្បត្តិហេតុឆេះកាំជ្រួញ ដែលអាជ្ញាធរត្រៀមបាញ់អបអរសាទរពេលឆ្លងឆ្នាំ បណ្តាលឲ្យរបួស (រលាកស្រាល) អ្នកចូលលេងកម្សាន្ត៨នាក់ ក្នុងនោះមានស្រី ៣នាក់។

របាយការណ៍បានបញ្ជាក់ថា ក្រោយឆេះនោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានចេញអន្តរាគមន៍ភ្លាមៗ និងបាញ់ទឹកពន្លត់ទៅវិញភ្លាមៗផងដែរ។ ដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ ហើយក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញក្រោយលាងរបួសផងដែរ៕