(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០១៨នេះ ប្រធានាធិបតីដ៏មានឥទ្ធិពលរបស់ចិនលោក ស៊ី ជីនពីង បានថ្លែងសុន្ទរកថាផ្ទាល់តាមបណ្តាញព័ត៌មាននានា ដើម្បីជាការជូនពរដល់ប្រជាពលរដ្ឋចិននៅគ្រប់ទីកន្លែងទូទាំងពិភពលោករាប់ទាំងកោះតៃវ៉ាន់ផងដែរ។
ក្នុងសុន្ទរកថាដ៏វែងនេះ លោកប្រធានាធិបតីចិន បានរៀបរាប់បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្រោមការដឹកនាំរបស់លោក រហូតបានសម្រេចនូវលទ្ធផលជាច្រើនសម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋចិន។ លោក ស៊ី ជីនពីង ក៏បានលើកបង្ហាញពីគោលដៅថ្មី ដែលត្រូវធ្វើបន្តសម្រាប់ឆ្នាំថ្មី និងការងារមួយចំនួនក្រោយសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ផងដែរ។
ដោយសារតែឆ្នាំ២០១៨ គឺជាខួបទី៤០នៃកំណែទម្រង់ និងបើកចំហរបស់ប្រទេសចិនផងដែរនោះ លោក ស៊ី ជីនពីង បានរំលេចនៅក្នុងសុន្ទរកថារបស់លោកថា កំណែទម្រង់ នឹងបើកចំហជាផ្លូវចាំបាច់នៃការវិវឌ្ឍរីកចម្រើនរបស់ប្រទេសចិនក្នុងយុគសម័យនេះ និងជាផ្លូវចាំបាច់នៃការសម្រេចសុបិន្តចិន។
ក្នុងសុន្ទរកថានេះលោកប្រធានាធិបតីចិន ក៏បានបង្កប់នូវអត្ថន័យក្រើនរំលឹក និងដាស់តឿនឲ្យប្រជាពលរដ្ឋប្រឹងប្រែងក្នុងកិច្ចការប្រចាំថ្ងៃរបស់ពួកគេជាមួយនឹងពាក្យមួយឃ្លាថា «មានតែការខិតខំប្រឹងប្រែង ទើបអាចទទួលបានផល និងមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ»។
ខាងក្រោមគឺជាខ្លឹមសារទាំងស្រុង នៃសុន្ទរកថារបស់លោក ស៊ី ជីនពីង ដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុមិត្តភាពកម្ពុជា-ចិន៖
សួស្តីអស់លោក លោកស្រីនិងមិត្តភកិ្តគ្រប់រូប៖
ពេលវេលាបានកន្លងផុតទៅយ៉ាងឆាប់រហ័ស គ្រាន់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះក៏ជិតឈានចូលឆ្នាំ ២០១៨ ហើយ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរឆ្នាំថី្មដោយក្តីស្មោះចំពោះប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន ជនរួមជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ ជនរួមជាតិតៃវ៉ាន់និងអាណិកជនចិននៅឯនាយសមុទ្រ ព្រមនិងមិត្តភក្តិទាំងឡាយដែលរស់នៅគ្រប់ទីតំបន់និងប្រទេសនានានៅទូទាំងពិភពលោក ! ខ្ញុំក៏សូមជូនពរប្រិយមិត្តនៅតាមបណ្តាប្រទេសនិងតំបន់នានាលើពិភពលោកសូមឲ្យសម្រេចអ្វីៗបានដូចក្តី បំណង !
មានតែការខិតខំប្រឹងប្រែង ទើបអាចទទួលបានផល និងមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំ២០១៧ ប្រទេសចិនបានរៀបចំធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ ដែលជាការចាប់ផ្តើមនូវដំណើរថី្មសម្រាប់ការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសសង្គមនិយមទំនើប។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនលើសពី៨០ ទ្រីលានយាន់ប្រាក់ចិន នៅតាមទីក្រុងនិងជនបទមានមនុស្សជាង ១៣លាននាក់ទៀតទទួលបានឱកាសការងារថ្មី ការធានារ៉ាប់រងផ្នែកចិញ្ចឹមជីវិតក្នុងវ័យជរានិងការធានារ៉ាប់រងសង្គមបានគ្របដណ្តប់មនុស្សចំនួនជាង ៩រយលាននាក់ ការធានារ៉ាប់រងផ្នែកព្យាបាលជំងឺជាមូលដ្ឋានបានគ្របដណ្តប់មនុស្សចំនួន ១៣៥០លាននាក់ ជនក្រីក្រជាង ១០លាននាក់ទៀតបានចេញផុតពីភាពក្រីក្រ។ «កសាងលំនៅដ្ឋានរាប់ពាន់ខ្នង ទើបអាចឲ្យជនក្រីក្រមានផ្ទះស្នាក់នៅនិងមានក្តីសប្បាយរីករាយ» ជនក្រីក្រចំនួន ៣ លាន ៤សែននាក់ទទួលបានការជួយឧមត្ថម្ភនិងបានរើទៅរស់នៅតំបន់ផ្សេងដែលមានលំនៅដ្ឋានថ្មីដ៏កក់ក្តៅ ដែលបានសម្រេចភារកិច្ចកែលម្អផ្ទះបាក់បែកទ្រុឌទ្រោមនិងផ្ទះស្នាក់នៅបណ្តោះអាសន្នចំនួន ៦ លានខ្នងមុនពេលកំណត់ ។ បុព្វហេតុគ្រប់ផ្នែកពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជនទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស ប្រព័ន្ធអេកូ-បរិស្ថានទទួលបានកែលម្អជាបណ្តើរៗ ប្រជាជនមានអារម្មណ៍ទទួលបាន អារម្មណ៍សុភមង្គល និងអារម្មណ៍សុវត្ថិភាពកាន់តែច្រើន ។ ប្រទេសចិនបានបោះជំហានដ៏ធំមួយដើម្បីសម្រេចគោលដៅកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។
ការច្នៃប្រឌិតថី្មផ្នែកបច្ចេកវិទ្យា កិច្ចកសាងនៃវិស្វកម្មធំនិងសំខាន់ទទួលបានសមិទ្ធផលល្អៗជាញឹកញាប់ ។ ផ្កាយរណប “Hui Yan”ហោះហើរនៅលើលំហអវកាស យន្តហោះដឹកអ្នកដំណើរធុនធំ C919 បានហោះលើលំហអាកាស ការស្រាវជ្រាវនិងផលិតកុំព្យូទ័រកង់ទិចទទួលបានជោគជ័យ ការដាំស្រូវដោយប្រើទឹកសមុទ្រផ្តើមធ្វើការសាកល្បងដាំដុះ នាវាផ្ទុកយន្តហោះទីមួយដែលផលិតដោយប្រទេសចិនបានធ្វើនាវាចរណ៍ នាវាមុជទឹកក្នុងសមុទ្រមានទឹកជ្រៅឈ្មោះ “Hai Yi” បានសម្រេចការស្ទង់ពិនិត្យនៅជម្រៅបាតសមុទ្រ ការជីកយកដុំឧស្ម័នទឹកកកនៅជម្រៅបាតសមុទ្រទទួលបានជោគជ័យ កំពង់ផែស្វយ័តYang Shan រយៈកាលទី៤បានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិស្វកម្មសំខាន់នៃតួស្ពានតភ្ជាប់ជាមួយក្រុង Zhu Hai ហុងកុងនិងម៉ាកាវបានកសាងរួចរាល់ រថភ្លើងល្បឿនលឿន Fu Xing ធ្វើដំណើរយ៉ាងលឿននៅលើដែនដីដ៏ធំល្វឹងល្វើយនៃប្រទេសចិន ……ខ្ញុំសូមកោតសរសើរខ្ពស់ដល់កម្លាំងច្នៃប្រឌិតដ៏អស្ចារ្យរបស់ប្រជាជនចិន!
ប្រទេសចិនបានធ្វើពិធីត្រួតពលនៅមូលដ្ឋានបង្វឹកបង្ហាត់កងទ័ពចម្រុះនៃតំបន់ Zhu Rihe ដើម្បីរំលឹកខួបទី ៩០នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ ក្នុងឱកាសខួបទី ២០ នៃការដែលហុងកុងវិលត្រឡប់មកប្រទេសចិនវិញ ខ្ញុំបានធ្វើដំណើរទៅកាន់ហុងកុង បានមើលឃើញដោយផ្ទាល់ភ្នែកនិងមានអារម្មណ៍ថា ដោយសារមានទីបង្អែកដ៏រឹងមាំនៃមាតុប្រទេស ហុងកុងបានរក្សានូវភាពចំរុងចម្រើននិងស្ថិរភាពជាយូរអង្វែង ហើយប្រាកដជាមានអនាគតកាន់តែល្អបវរ ។ ប្រទេសចិនក៏បានរៀបចំពិធីរំលឹកខួបទី ៨០ ដែលប្រជាជនចិនទាំងមូលប្រកាសសង្គ្រាមប្រឆាំងការឈ្លានពានរបស់ជប៉ុន និងពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់បាត់បង់ជីវិតក្នុងការសម្លាប់រង្គាលនៅក្រុងណានជីង ដើម្បីចងចាំពីប្រវតិ្តសាស្ត្រនិងបួងសួងសុំសេចកី្តសុខសន្តិភាព។
ប្រទេសចិនបានរៀបចំសកម្មភាពការទូតពហុភាគីជាច្រើនលើកក្នុងប្រទេសចិន ដែល ក្នុង នោះបូករួមទាំងវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់មួយនិងផ្លូវមួយ” កិច្ចសន្ទនានៃថ្នាក់ដឹកនាំប្រទេសBRICSនៅក្រុងស្យ៊ាមិន និងកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយពិភពលោកជាដើម ។ ខ្ញុំក៏បានចូលរួមសន្និសីទពហុភាគីសំខាន់ៗមួយចំនួនលើពិភពលោកផងដែរ។
នៅដើមឆ្នាំនេះ ខ្ញុំបានចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំនៅដាវ៉ូស ព្រមនិងថ្លែងសុន្ទរកថានៅទីស្តីការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ បន្ទាប់មកក៏បានចូលរួមសន្និសីទកំពូលនៃថ្នាក់ដឹកនាំប្រទេសG ២០ និងសន្និសីទក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកជាដើម។ ក្នុងកិច្ចប្រជុំទាំងនេះ ខ្ញុំបានធ្វើកិច្ចផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយបណ្តាភាគីពាក់ព័ន្ធនានា គ្រប់ភាគីសុទ្ធតែឯកភាពលើការរួមគ្នាជំរុញកិច្ចកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ សំដៅផ្តល់សេចក្តីសុខសុភមង្គលជូនដល់ប្រជាជននៃប្រទេសនានាលើទូទាំងពិភពលោក ។
ក្នុងឆ្នាំ២០១៧ ខ្ញុំបានទទួលសំបុត្រជាច្រើនដែលមហាជនផ្ញើមកឲ្យខ្ញុំ ក្នុងនោះមានសំបុត្ររបស់អ្នកភូមិនៃភូមិយូម៉ៃ ស្រុកឡុងជឺ ខេត្តXiZang សំបុត្ររបស់សមាជិកនៃក្រុមអ្នកគង្វាលស៊ូនីធើយ៉ូវឈីវូឡាននៃខេត្តម៉ុងហ្គោលីក្នុង សំបុត្ររបស់សាស្រ្តាចារ្យវ័យចំណាស់នៃសកលវិទ្យាល័យគមនាគមន៍ដែលរើទៅក្រុងស៊ីអាន និងសំបុត្ររបស់និស្សិតនៃសកលវិទ្យាល័យណានខាយដែលទើបតែចូលបម្រើទ័ព។ រឿងរ៉ាវរបស់ពួកគាត់បានធ្វើឲ្យខ្ញុំមានក្តី រំភើបយ៉ាងខ្លាំង ។ ប្រជាជនទូទៅបានប្រកាន់ខ្ជាប់ស្មារតីស្នេហាជាតិនិងការរួមចំណែកដល់បុព្វហេតុកសាងប្រទេសជាតិដោយឥតរួញរា ប្រការនេះធ្វើឲ្យខ្ញុំចាប់អារម្មណ៍ពីភាពមហិមារបស់ប្រជាជនសាមញ្ញរាប់សែនរាប់លាននាក់ ហើយក៏នាំឲ្យខ្ញុំមានអារម្មណ៍ថា សុភមង្គលគឺបានមកពីការតស៊ូព្យាយាម។
លោក លោកស្រី មិត្តភក្តិគ្រប់រូប !
ឆ្នាំ២០១៨ ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តទាំងស្រុងនូវស្មារតីនៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩។ សមាជបក្សកុម្មុយនិស្តចិនលើកទី១៩ បានគូរផែនទីបង្ហាញផ្លូវដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនក្នុងរយៈពេលជាង៣០ឆ្នាំខាងមុខ។ សំណង់ខ្ពស់គឺកសាងឡើងពីលើដី។ បើចង់សម្រេចផែនការអភិវឌ្ឍន៍នេះ ចាំបាច់ត្រូវតែធ្វើការងារដោយប្រាកដប្រជានិងដើរជាជំហានៗ មិនមែនគិតតែស្រមើស្រមៃឥតប្រយោជន៍នោះឡើយ។
ឆ្នាំ២០១៨ គឺជាខួបទី៤០ នៃកំណែទម្រង់ និងបើកចំហរបស់ប្រទេសចិន។ កំណែទម្រង់ នឹងបើកចំហជាផ្លូវចាំបាច់នៃការវិវឌ្ឍរីកចម្រើនរបស់ប្រទេសចិនក្នុងយុគសម័យនេះ និងជាផ្លូវចាំបាច់នៃការសម្រេចសុបិនចិន។ ប្រទេសចិននឹងចាត់ទុកការអបអរសាទរខួបទី៤០ នៃកំណែទម្រង់និងបើកចំហជាឱកាសមួយ សម្រាប់ពុះពារគ្រប់ឧបសគ្គ ជំរុញកំណែទម្រង់ជាប់រហូត។ រហូតដល់ឆ្នាំ២០២០ ប្រទេសចិននឹងសម្រេចកាជួយឲ្យប្រជាជនក្រីក្រនៅជនបទដែលស្ថិតនៅក្រោមខ្សែបន្ទាត់ក្រីក្រដែលអនុវត្តក្នុងពេលបច្ចុប្បន្នចេញផុតពីភាពក្រីក្រ នេះជាពាក្យសន្យាដ៏ម៉ឺងម៉ាត់របស់យើងខ្ញុំ។ ពាក្យសន្យាមួយម៉ាត់មានតម្លៃស្មើនឹងមាសរាប់ពាន់។ បច្ចុប្បន្ននៅសល់តែ ៣ឆ្នាំទៀតទេគឺដល់ឆ្នាំ ២០២០ ហើយ សង្គមទាំងមូលត្រូវរួបរួមកម្លាំងគ្នា ធ្វើការឲ្យអស់ពីសមត្ថភាព អនុវត្តគោលនយោបាយឲ្យបានត្រឹមត្រូវ ដើម្បីដណ្តើមបានជ័យជម្នះថ្មីជាបន្តបន្ទាប់។ ការលុបបំបាត់ភាពក្រីក្រនៅ ៣ឆ្នាំក្រោយតាមការកំណត់ ប្រការនេះនឹងក្លាយជាព្រឹត្តិការណ៍លុបបំបាត់ទាំងស្រុងនូវភាពក្រីក្រជាដាច់ខាតជាលើកទីមួយក្នុងប្រវត្តិសាស្រ្តចិនដែលមានរយៈពេលរាប់ពាន់ឆ្នាំមកហើយនោះ ដូចនេះ ចូរឲ្យយើងរួមគ្នាសម្រេចបុព្វហេតុដ៏មហិមានិងប្រកបដោយអត្ថន័យសំខាន់ចំពោះប្រជាជាតិចិននិងមនុស្សជាតិទាំងមូលមួយនេះ។
បច្ចុប្បន្ន បណ្តាភាគីមានក្តីរំពឹងផងនិងក្តីព្រួយបារម្ភផងចំពោះអនាគតនៃសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ ហើយក៏រំពឹងថាប្រទេសចិនអាចបង្ហាញនូវគោលជំហរនិងឥរិយាបថរបស់ខ្លួន។ ពិភពលោកជាក្រុមគ្រួសារតែមួយ។ ក្នុងនាមជាប្រទេសធំដែលមានភាពទទួលខុសត្រូវ ប្រទេសចិនសូមគូសបញ្ជាក់ថា ប្រទេសចិនគាំពារយ៉ាងដាច់ខាតចំពោះកិត្យានុភាពនិងឋានៈរបស់អង្គការសហប្រជាជាតិ អនុវត្តយ៉ាងសកម្មនូវភារកិច្ចនិងកាត្វពកិច្ចអន្តរជាតិរបស់ខ្លួន គោរពតាមពាក្យសន្យាស្តីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាសកល ជំរុញយ៉ាងសកម្មនូវការរួមគ្នាកសាង «ខ្សែក្រវាត់មួយនិងផ្លូវមួយ» ក៏ដូចជាធ្វើជាអ្នកកសាងសន្តិភាពពិភពលោក អ្នករួមវិភាគទានដល់ការអភិវឌ្ឍជាសកល និងអ្នកគាំពាររបៀបរៀបរយនិងសណ្តាប់ធ្នាប់អន្តរជាតិជាប់ជានិច្ច។ ប្រជាជនចិនរីករាយរួមគ្នាជាមួយប្រជាជននៃបណ្តាប្រទេស ក្នុងការធ្វើការត្រួសត្រាយអនាគតដ៏ល្អប្រសើរដែលមានភាពកាន់តែរុងរឿងថ្កុំថ្កើង និងសុខក្សេមក្សាន្ត។
លោក លោកស្រី មិត្តភក្តិគ្រប់រូប !
សមិទ្ធផលនិងស្នាដៃដ៏មហិមានៃការអភិវឌ្ឍរបស់យើង គឺបង្កើតឡើងដោយប្រជាជន ហេតុនេះត្រូវចែករំលែកជាមួយប្រជាជន។ ខ្ញុំយល់ដឹងពីអ្វីដែលប្រជាជនយកចិត្តទុកដាក់ជាងគេគឺការអប់រំ ឱកាសការងារ ប្រាក់ចំណូល ការធានារ៉ាប់រងក្នុងសង្គម ការព្យាបាលជំងឺ ការចិញ្ចឹមជីវិតក្នុងវ័យជរា ការស្នាក់នៅ និងបរិស្ថានជាដើម។ អ្នកទាំងអស់គ្នាទទួលបានសមិទ្ធផលជាច្រើន ហើយក៏មានរឿងគួរឲ្យព្រួយបារម្ភជាច្រើនផងដែរ។ ការងារសម្រាប់បម្រើជូនជីវភាពរស់នៅរបស់ប្រជាជននៅតែមានបញ្ហាខ្វះចន្លោះជាច្រើនដែលទាមទារឲ្យយើងបង្កើនមនសិការនិងទំនួលខុសត្រូវចំពោះភារកិច្ចនិងកាតព្វកិច្ចរបស់ខ្លួន ដើម្បីបំពេញការងារពាក់ព័ន្ធសុខសុភមង្គលរបស់ប្រជាជនឲ្យបានកាន់តែល្អ។ គណៈកម្មការបក្សកុម្មុយនិស្ត សាលារដ្ឋបាល និងកម្មភិបាលគ្រប់ជាន់ថ្នាក់ត្រូវគិតគូរដល់សុខទុក្ខរបស់ប្រជាជនគ្រប់ពេលវេលា ចាត់ទុកការផ្តល់សុខសុភមង្គលជូនដល់ប្រជាជនជាសមិទ្ធផលនិងស្នាដៃនយោបាយសំខាន់បំផុត គិតគូរដល់បញ្ហារបស់ប្រជាជន ដោះស្រាយបញ្ហាជាបន្ទាន់ជូនប្រជាជន ដើម្បីធ្វើឲ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរនិងកាន់តែមានសុភមង្គល៕
សូមអរគុណ !