(ភ្នំពេញ)៖ រយៈពេល ៨៧៦០ម៉ោង ៣៦៥ថ្ងៃ ១២ខែ នៃឆ្នាំ២០១៧ បានធ្វើដំណើរយ៉ាងលឿនលយ ហើយកន្លងផុតទៅហើយនៅវេលាម៉ោង១២៖០០រំលងអាធ្រាត្រថ្ងៃអាទិត្យនេះ ជាមួយរឿងរ៉ាវគ្រប់រសជាតិទាំងផ្អែម ល្វីង ប្រៃ និងជូរចត់ ដែលក្លាយជាការចងចាំមួយសម្រាប់មនុស្សគ្រប់រូបនៅក្នុងវិនាទីថ្មីនៃឆ្នាំ២០១៨។
ពេលវេលាដូចជាមានល្បឿនយឺតៗ សម្រាប់អ្នកអង្គុយទន្ទឹងរង់ចាំ និងនៅពេលយើងបានជួបរឿងមិនល្អៗ តែវាបែរជាមានអារម្មណ៍ថា ពេលវេលាមានល្បឿនលឿនលយខ្លាំងណាស់ នៅពេលយើងប្រឹងធ្វើអ្វីមួយប្រជែងជាមួយវា ឬនៅពេលយើងកំពុងធ្វើ ឬបានជួបរឿងល្អៗនោះ។
ឆ្នាំ២០១៧ ជាឆ្នាំមួយត្រូវបានគេមើលឃើញថា មានទាំងរឿងល្អៗ និងរឿងអាក្រក់ បានកើតឡើងលាយឡំជាមួយគ្នា។ រាប់ពីប្រជាកសិករ ពាណិជ្ជករ សិស្ស និស្សិត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រហូតដល់ប្រមុខដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ រួមនិងអ្នកនយោបាយផងដែរ សុទ្ធតែបានបង្ហាញភាពមមាញឹករៀងៗខ្លួន នៅក្នុងតួនាទីភារកិច្ច ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិត។
ពេញមួយឆ្នាំ២០១៧ ដែលកន្លងផុតទៅនេះ ក្នុងគ្រួសារខ្មែរខ្លះ ក៏បានជួបរឿងសប្បាយរីករាយ សុភមង្គលជាមួយភាពជោគជ័យ ក្នុងជីវិតក៏ដូចជា ការងារ និងការសិក្សា។ តែក៏មានគ្រួសារខ្លះទៀត ប្រហែលមិនបានជួបរឿងល្អ ដែលជាភាពសប្បាយរីករាយដូចខ្លួន ប៉ងប្រាថ្នានោះដែរ ពោលគឺត្រូវញ៉ាំញីដោយរឿងរ៉ាវមិនល្អជាច្រើន ដូចខ្សែអំបោះជំពាក់មុខស្រាយមិនចេញ។
សម្រាប់អង្គភាពព័ត៌មាន Fresh News របស់យើងខ្ញុំ ក៏បានឆ្លងកាត់រឿងរ៉ាវជាច្រើនផងដែរ ក្នុងដំណើរការលើសមរភូមិព័ត៌មាន។ ទោះជាយ៉ាងណាទាំងថ្នាក់ដឹកនាំ បុគ្គលិកគ្រប់រូបមកពីគ្រប់ផ្នែក បានមូលចិត្តមូលគំនិតពួតដៃជាកម្លាំងដ៏ខ្លាំងក្លា ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីនាំយកដំណឹងពីគ្រប់ទិសទីក្នុងសង្គមកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្មែរ និងបរទេស នៅទូទាំងសកលលោក។
ការរួមគ្នាជាកម្លាំងដ៏មុតស្រួច បានធ្វើឲ្យ Fresh News ក្លាយជាព័ត៌មានឈានមុខគេមួយនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មានទាន់ហេតុការណ៍ តាមបច្ចេកវិទ្យាទំនើប បាញ់បញ្ជូនទៅលើទូរស័ព្ទ Smart Phone និងនៅតាមកុំព្យូទ័រផងដែរ។
អង្គភាពព័ត៌មាន Fresh News បើទោះពីជាមានអាយុទើបជាង ៣ឆ្នាំ (១៥-ឧសភា-២០១៤) តែបានទទួលការគាំទ្រខ្លាំង និងឈានមុខមួយនៅកម្ពុជា។ ការទទួលបាននូវការគាំទ្រ មិនមែនកើតឡើងដោយឥតព្រាងទុកនោះឡើយ ពោលបានកើតឡើងជាមួយទស្សនៈ និងចក្ខុវិស័យមួយប្រកបភាពប្រាកដនិយមខ្ពស់បំផុត។ គិតត្រឹមដំណាច់ឆ្នាំ២០១៧នេះ Fresh News មានមិត្តអ្នកអាននៅលើ App ប្រមាណជា ១.១លាននាក់ លើគេហទំព័រមានអ្នកចូលទស្សនាប្រចាំថ្ងៃជាង ៥០ម៉ឺននាក់ ខណៈលើទំព័រ Facebook មានអ្នកចុច Like ជិត ២.៥លានទៅហើយ។
ក្នុងនាមជានាយកប្រតិបត្តិ (CEO) និងជាស្ថាបនិក នៃអង្គភាពព័ត៌មាន Fresh News ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បុគ្គលិកគ្រប់ផ្នែកជាង១០០នាក់ ដែលបានរួមគ្នាជាកម្លាំង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូង ចាត់ទុកការងារជាចំណីអាហារ ហើយស្រេកឃ្លានការងារគ្រប់ពេលវេលាមិនថាយប់ថ្ងៃ។ ដូចពាក្យមួយឃ្លាតែងតែលឺពេញបន្ទប់ការិយាល័យ Fresh News ថា «ពួកយើងទាំងអស់មិនខ្លាចនឿយហត់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោក» ហើយខ្ញុំក៏តែងតែពោលពាក្យមួយ ឃ្លាទៅកាន់បុគ្គលិកជាទីស្រឡាញ់បំផុតរបស់ខ្ញុំថា៖ «សេចក្តីសុខរបស់ខ្ញុំ គឺនៅពេលឃើញបុគ្គលិក Fresh News មានភាពសប្បាយរីករាយ និងមានជីវភាពធូរធារល្អប្រសើរ»។
បើទោះឆ្នាំចាស់ផ្លាស់ផុតទៅជំនួសដោយឆ្នាំថ្មីយ៉ាងណាក្តី ខ្ញុំសង្ឃឹមថា ទឹកចិត្តដ៏មុះមុតរបស់បុគ្គលិកទាំងអស់នឹងមិនប្រែថ្មីនោះឡើយ នៅតែបន្តរក្សាប្រមូលផ្តុំគ្នាជាកម្លាំង ហើយកាន់តែខ្លាំងក្លា ជាងឆ្នាំចាស់ ដើម្បីសម្រេចគោលដៅរួមមួយ កសាងអង្គភាពព័ត៌មានជាទ្រនំដ៏សុខសាន្តមួយនេះ ឲ្យកាន់តែល្បាញល្បីថែមទៀត ជាមួយនឹងដំណើរមិនចេះនឿយហត់។
ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងខ្ពង់ខ្ពស់បំផុតផងដែរ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលតែងបានគាំទ្រអង្គភាព Fresh News តាំងពីដើមរៀងមក។ ជាពិសេសម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ ការឧបត្ថម្ភគាំទ្រពីម្ចាស់ពាណិជ្ជកម្មនានា ជាការបន្តក់នូវទឹកអម្រិតប្រោសព្រំផ្តល់ដង្ហើមឲ្យ Fresh News អាចឈរជើងលើវេទិកា នៃការផ្តល់ព័ត៌មានប្រកបដោយការ ប្រកួតប្រជែងនាពេលបច្ចុប្បន្ន។
មិនខុសពីអង្គភាពរបស់យើងខ្ញុំ មនុស្សម្នាជាច្រើនបានត្រៀមលាឆ្នាំចាស់ទទួលយកនូវឆ្នាំថ្មី ជាមួយការរំពឹងទទួលបានសមិទ្ធផលថ្មីដ៏គាប់ប្រសើរ ហើយក៏មានមនុស្សម្នាជាច្រើនទៀតត្រៀមទទួលឆ្នាំថ្មីដោយការប្តេជ្ញាចិត្ត តាំងចិត្តដ៏មុតមាំ ដើម្បីសម្រេចគោលដៅជីវិត។
ជាមួយការចាប់ផ្តើមនូវទំព័រជីវិតថ្មី ក្នុងឆ្នាំថ្មី ឆ្នាំ២០១៨ ខ្ញុំសូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតន ត្រៃ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូលតាមជួយ អភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន និងមិត្តអ្នកអានទាំងអស់បាន សមប្រកបតែសេចក្តីសេចក្តីចម្រើន វិបុលសុខ និងពរជ័យគ្រប់ប្រការ នៅក្នុងជីវិត។ សូមឲ្យបានទទួលជោគជ័យគ្រប់ការ ងារ ភារកិច្ច និង របរអាជីវកម្ម។ ជាពិសេសសូមឆ្នាំថ្មី ជាឆ្នាំដែលនាំជាតិកម្ពុជាទាំងមូលភពប្រសព្វតែភាពរីកចម្រើន និងវឌ្ឍនភាពជានិច្ចនិរន្ត៕
លឹម ជាវុត្ថា, ស្ថាបនិក និងជានាយកប្រតិបត្តិ