(ភ្នំពេញ)៖ ដើម្បីជាការក្រើនរំលឹក និងចូលរួមបង្ការគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០១៨ នាយប់នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានថ្លែងអំពាវនាវដល់អ្នកបើកបរគ្រប់រូប សូមគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរល្មើសល្បឿនកំណត់ និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងជាដាច់ខាត់។

ថ្លែងអំពាវនាវតាមរយៈបណ្តាញព័ត៌មាន Fresh News មេប៉ូលិសចរាចរណ៍រូបនេះ បានអំពាវនាវថា «ដោយសារថ្ងៃនេះ ជាថ្ងៃបុណ្យចូលឆ្នាំសកល សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បើកបរកុំល្មើសល្បឿនកំណត់ និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងជាដាច់ខាត។ ជាពិសេសនៅពេលយប់ ព្រោះថាយប់នេះ ជាយប់ពិសេសមួយ សម្រាប់ការជួបជុំមិត្តភក្តិ បងប្អូន ច្បាស់ជាមានការទទួលទានជាតិសុរា (គ្រឿងស្រវឹង) ច្រើន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំបើកបរក្នុងស្ថានភាពស្រវឹង ដែលអាចនាំឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុ»។

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ បានបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍នៅទូទាំងប្រទេស ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ឲ្យបានកាន់តែខ្លាំងបន្ថែមទៀត ព្រោះថាចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កំពុងតែកើនឡើងនៅរយៈពេលចុងក្រោយនេះ។

ក្រៅពីដាក់បទបញ្ជាបែបនេះ សម្ដេច ស ខេង ក៏បានផ្ដាំផ្ញើដល់មន្ដ្រីនគរបាលចរាចរណ៍ទាំងដែរថា ការអនុវត្តច្បាប់ចរាចរណ៍ ត្រូវតែធ្វើឡើងក្នុងក្របខណ្ឌច្បាប់ មិនត្រូវគាប់សង្កត់ពលរដ្ឋ ឬធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយពលរដ្ឋណាមួយជាដាច់ខាត ដោយមន្ដ្រីនគរបាលត្រូវប្រកាន់ឥរិយាបថសុភាពរាបសារ ​ម៉ឺងម៉ាត់ និងគោរពវិន័យ​។

ថ្លែងក្នុងមហាសន្និបាតសមាគមមិត្ត នគរបាលជាតិកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «យើងទាំអស់គ្នាដែលជាសមត្ថកិច្ច ត្រូវតែខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបំពេញភារកិច្ច ពិសេសទាក់ទងនឹងការងារចរាចរណ៍នេះ កំពុងតែមានការវិវត្តន៍ គួរឲ្យមានការព្រួយបារម្ភ ពិសេសរយៈពេល២ខែចុងក្រោយនេះដែលគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង»

បន្ថែមពីនេះ សម្ដេច ស ខេង ក៏បានលើកឡើងដែរថា ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមួយរយៈពេលចុងក្រោយនេះ ភាគីច្រើនកើតមានទៅលើអ្នកបើកបរម៉ូត ដោយមិនបានពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវតាមការកំណត់។

ជាមួយគ្នានេះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចឲ្យជួយសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យបានល្អ នារាត្រីឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០១៨ ដែលនឹងត្រូវចូលមកដល់នៅយប់នេះ៕