(កណ្តាល)៖ លោក អ៊ុយ វឿន យោធិនពិការមួយរូបរស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានសម្តែងក្តីរំភើប និងសប្បាយរីករាយជាខ្លាំងបន្ទាប់ពីទទួលបានផ្ទះមួយខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ផ្ទះមួយខ្នងនេះសង់ពីឥដ្ឋដំបូលប្រក់ស័ង្កសីទំហំ ៥ម៉ែត្រ × ៨ម៉ែត្រ ហើយត្រូវបានប្រគល់ដោយនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោក អ៊ុយ រឿន បានចាត់ទុកផ្ទះមួយខ្នងជារង្វាន់ដ៏វិសេសវិសាលបំផុតសម្រាប់រូបលោកនៅក្នុងឆ្នាំថ្មីឆ្នាំ២០១៨ ដែលឈានចូលមកដល់នាពេលប៉ុន្មានម៉ោងខាងមុខនេះ។ ជាមួយក្តីត្រេកអរ និងរំភើបចេញពីបេះដូង យោធិនពិការក្នុងបុព្វហេតុជាតិមាតុភូមិ អ៊ុយ រឿន បានចាត់ទុកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងបានតម្កល់សុខទុក្ខប្រជាពលរដ្ឋជាធំជានិច្ច។

ក្រៅពីការថ្លែងអំណរគុណ លោក អ៊ុន រឿន ក៏បានគោរពជូនពរសម្តេចទាំងពីរឲ្យមានសុខភាពល្អ និងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ និងជឿនលឿនបន្តទៅទៀត។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកឡើងពីការគិតគូររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះបងប្អូនអតីតយុទ្ធជន ដូចជាការដំឡើងប្រាក់ខែ និងផ្តល់សេវាព្យាបាលដោយមិនគិតប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋ។

ក្រៅពីប្រគល់ផ្ទះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានឧបត្ថម្ភជូនសមាជិកសមាគមអតីតយុទ្ធជន ដែលចូលរួមក្នុងពិធីប្រគល់ផ្ទះនោះចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ២២គីឡូក្រាម មី១កេស ទឹកសុទ្ធ ១កេស ថវិកា ៥ម៉ឺនរៀល និងប្រជាពលរដ្ឋ ១៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ៣ម៉ឺនរៀល៕